ឡាវលើកកម្ពស់ការអភិរក្ស និងការអភិវឌ្ឍរបាំគែន ដែលត្រូវបានចុះបញ្ជីក្នុងបញ្ជីបេតិកភណ្ឌអង្គការយូណេស្កូ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ -- ប្រទេសឡាវបានបើកពិធីរបាំគែនជាលើកដំបូងរបស់ខ្លួនកាលពីពេលថ្មីៗនេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីថែរក្សា និងផ្សព្វផ្សាយរបាំគែនរបស់ប្រទេសឡាវ ដែលជាបេតិកភណ្ឌវប្បធម៌អរូបីដែលទទួលស្គាល់ដោយអង្គការយូណេស្កូ។
នៅក្នុងសុន្ទរកថាបើករបស់លោកសាស្ត្រាចារ្យបណ្ឌិត ចាលើន យៀប៉ៅហ័រ ប្រធានទីប្រឹក្សាកិត្តិយសនៃសមាគមគែនឡាវ បានពិពណ៌នាអំពីទម្រង់សិល្បៈនេះថា ជានិមិត្តរូបវប្បធម៌ដ៏លេចធ្លោបំផុតមួយរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ដែលមានប្រវត្តិជាង ៣.០០០ឆ្នាំមកហើយ។
ឧបករណ៍ភ្លេងនេះមានជាយូរមកហើយ ដែលជាផ្នែកសំខាន់មួយនៃជីវិតខាងវិញ្ញាណ និងវប្បធម៌របស់សហគមន៍ជនជាតិភាគតិចឡាវ។ លោកបាននិយាយថា ក្នុងអំឡុងពេលនៃការតស៊ូរំដោះជាតិ តន្ត្រីរបាំគែនក៏បានបម្រើជាប្រភពនៃការលើកទឹកចិត្តខាងវិញ្ញាណសម្រាប់កម្លាំងបដិវត្តន៍ផងដែរ។
លោកបានកត់សម្គាល់ថា ចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវក្នុងឆ្នាំ១៩៧៥ មក សិល្បៈនេះនៅតែបន្តរស់ឡើងវិញ និងត្រូវបានលើកកម្ពស់។
លោក ចំផន វង្សសា អគ្គនាយកនៃនាយកដ្ឋានវប្បធម៌ និងសិល្បៈសំដែង នៃក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ បាននិយាយថា ការរកឃើញខាងបុរាណវិទ្យា រួមទាំងលំនាំនៅលើស្គរសំរិទ្ធបុរាណ ដែលមានអាយុកាលតាំងពីឆ្នាំ១៥០០-១៣០០ មុនគ.ស និងស្គរសំរិទ្ធអាយុជិត ២.០០០ឆ្នាំ ដែលត្រូវបានរកឃើញនៅក្នុងស្រុកវីឡាប៊ូលី កាលពីក្នុងឆ្នាំ២០០៨ បានពណ៌នាអំពីមនុស្សលេងឧបករណ៍តន្រ្តីគែន។ ឯកសារប្រវត្តិសាស្ត្រក៏បានកត់ត្រាអំពីប្រពៃណីយូរអង្វែងរបស់ប្រជាជនឡាវក្នុងការលេងគែន ច្រៀង និងស្វាគមន៍ភ្ញៀវ ដែលមានអាយុកាលរាប់ពាន់ឆ្នាំកន្លងមកផងដែរ។
លោកបានកត់សម្គាល់ថា ដោយសារកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាល និងប្រជាជនឡាវ តន្ត្រីគែនត្រូវបានចុះបញ្ជីក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិដោយអង្គការយូណេស្កូនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ ដែលជាព្រឹត្តិការណ៍សំខាន់មួយក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌របស់ប្រទេស និងលើកកម្ពស់ទម្រង់វប្បធម៌របស់ប្រទេសឡាវនៅលើឆាកអន្តរជាតិ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





