អាជ្ញាធរខេត្តបន្ទាយមានជ័យ ពង្រឹងយន្តការច្បាប់សំណង់ និងសុវត្ថិភាពក្នុងការដ្ឋាន ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ
AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦--ដើម្បីពង្រឹងសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងធានាឱ្យបាននូវគុណភាពសំណង់ស្របតាមស្តង់ដារបច្ចេកទេស អាជ្ញាធរខេត្តបន្ទាយមានជ័យ បានបើកយុទ្ធនាការផ្សព្វផ្សាយ និងពង្រឹងការ អនុវត្តច្បាប់ស្តីពីសំណង់យ៉ាងម៉ឺងម៉ាត់ ដល់គ្រប់ភាគីពាក់ព័ន្ធ និងក្រុមជាងសាងសង់ក្នុងមូលដ្ឋាន។ 
កិច្ចប្រជុំផ្សព្វផ្សាយដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកព្រះនេត្រព្រះ ដោយមានការសហការរៀបចំរវាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលស្រុកព្រះនេត្រព្រះ។
ពិធីនេះស្ថិតក្រោមវត្តមាន លោក អ៊ុវិណារ៉ា អនុប្រធានមន្ទីរ (តំណាង លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត) និង លោក ហឿន វីរៈ អភិបាល នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ ដោយមានអ្នកចូលរួមសរុបប្រមាណ ៨៧នាក់ (ស្រី ៧នាក់) រួមមានសមាជិកក្រុមប្រឹក្សាស្រុក, មន្ត្រីរដ្ឋបាលស្រុក, ប្រធានការិយាល័យច្រកចេញចូលតែមួយ, មេឃុំ-ក្រុមប្រឹក្សាឃុំ, មេភូមិ, អ្នកអភិវឌ្ឍន៍អចលនវត្ថុ, ក្រុមហ៊ុនសាងសង់, រូបវន្តបុគ្គលសិក្សាគម្រោងប្លង់ និងក្រុមជាងសំណង់។

កិច្ចប្រជុំបានផ្តោតសំខាន់លើការស្វែងយល់ពីច្បាប់ និងបទដ្ឋានគតិយុត្តសំខាន់ៗ រួមមាន៖នីតិវិធីនៃការផ្តល់ លិខិតអនុញ្ញាតសាងសង់ការបែង ចែកដែនសមត្ថកិច្ចច្បាស់លាស់របស់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងការចេញលិខិតអនុញ្ញាត ដើម្បីសម្រួលដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន និងត្រឹមត្រូវ។ សារាចរស្តីពីធ្លាគម្លាតអគារការកំណត់គម្លាតសុវត្ថិភាពរវាងសំណង់ និងសំណង់ ឬដីសាធារណៈ ដើម្បីជៀសវាងផលប៉ះពាល់ដល់អ្នកជិតខាង និងធានាបទដ្ឋាននគរូបនីយកម្ម។ការចុះបញ្ជី និងផ្តល់វិញ្ញាបនបត្រប្រកបអាជីវកម្មក្រុមជាងការកំណត់ឲ្យក្រុមជាងសំណង់ទាំងអស់ត្រូវមានលិខិតអនុញ្ញាតត្រឹមត្រូវ ដើម្បីលើកកម្ពស់អាជីព និងទទួលខុសត្រូវលើផ្នែកបច្ចេកទេស។សុវត្ថិភាពក្នុងការដ្ឋាន ការបង្ការគ្រោះ ថ្នាក់ការងារ និងការការពារផលប៉ះពាល់ដល់បរិស្ថានជុំវិញ។
លោក អ៊ុវិណារ៉ា បានគូសបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះ មិនមែនជាការបង្កើតរបាំងស្មុគស្មាញដល់ការសាងសង់នោះទេ ប៉ុន្តែជាជំហានដ៏សំខាន់មួយក្នុងគោលបំណងរក្សាសណ្ដាប់ធ្នាប់សាធារណៈរៀបចំក្រុង-ស្រុក ឱ្យមានរបៀបរៀបរយតាមផ្លូវច្បាប់ និងទប់ស្កាត់សំណង់ខុសច្បាប់។ការពារទ្រព្យសម្បត្តិ និងជីវិតធានាថាគម្រោងសាងសង់នីមួយៗមានរចនាសម្ព័ន្ធរឹងមាំ មិនប្រឈមនឹងហានិភ័យនៃការបាក់បែក ឬគ្រោះថ្នាក់ផ្សេងៗ។ការពារសុខមាលភា ពលើកកម្ពស់គុណភាពរស់នៅរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់ និងសាធារណជនទូទៅ។

អាជ្ញាធរខេត្ត ក៏បានអំពាវនាវដល់ក្រុមហ៊ុនសាងសង់ អ្នកអភិវឌ្ឍន៍ និងក្រុមជាងទាំងអស់ ត្រូវសហការអនុវត្តតាមនីតិវិធីច្បាប់ជាធរមានឱ្យបានខ្ជាប់ខ្ជួន មុននឹងចាប់ផ្តើមដំណើរការដ្ឋានសាងសង់ណាមួយ ដើម្បីរួមគ្នាកសាងសង្គមមួយដែលមានសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕
ដោយ ៖ឈុនសារ៉ាត





