រថភ្លើងដឹកទំនិញចិន-អឺរ៉ុប ធ្វើដំណើរលើសពី ១៣០.០០០ដង
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ -- យោងតាមទិន្នន័យផ្លូវការចុងក្រោយបំផុតរបស់គណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ (NDRC)បានបង្ហាញកាលពីថ្ងៃអង្គារថា រថភ្លើងដឹកទំនិញចិន-អឺរ៉ុប បានធ្វើដំណើរជាង១៣០.០០០ដង និងដឹកជញ្ជូនទំនិញដែលមានតម្លៃសរុបលើសពី ៥២០ប៊ីលានដុល្លារអាម៉េរិក។
យោងតាមលោក ឡាំង លីនជុង (Liang Linchong) មន្ត្រីម្នាក់នៃគណៈកម្មការ NDRC បានឱ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ សមាមាត្រទូកុងតឺន័រដែលផ្ទុករបស់រថភ្លើងដឹកទំនិញចិន-អឺរ៉ុប នៅតែមានកម្រិត ១០០% រយៈពេល ៤៦ខែជាប់ៗគ្នា។ ទាក់ទងនឹងប្រសិទ្ធភាពដឹកជញ្ជូន ការធ្វើដំណើរពីទីក្រុងស៊ីអានរបស់ប្រទេសចិនទៅកាន់ទីក្រុងឌូសប៊ឺករបស់អាល្លឺម៉ង់ត្រូវបានកាត់បន្ថយមកត្រឹម ១១ថ្ងៃប៉ុណ្ណោះ។
ក្នុងនាមជាគម្រោង និងជាឈ្មោះដ៏សំខាន់នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ សេវារថភ្លើងដឹកទំនិញចិន-អឺរ៉ុប ដែលត្រូវបានគេហៅថា «steel camel caravans» បានបង្កើតបណ្តាញដឹកជញ្ជូនដ៏ទូលំទូលាយនៅទូទាំងទ្វីបអឺរ៉ាស៊ី។ ខែមិថុនានេះគឺជាខួបលើកទី១០ នៃសេវារថភ្លើងដឹកទំនិញចិន-អឺរ៉ុប ដែលទទួលយកឈ្មោះក្រុមហ៊ុន China Railway Express។
លោក ឡាំង បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថាសេវាកម្មរថភ្លើងដឹកទំនិញក៏បានរាយការណ៍ពីអត្រាកំណើនប្រចាំឆ្នាំជាមធ្យមជាង ៣០% ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកទាក់ទងនឹងការធ្វើដំណើរប្រចាំឆ្នាំពី ១.៧០២ដងនៃការធ្វើដំណើរក្នុងឆ្នាំ២០១៦ ដល់២០.០២២ដងនៃការធ្វើដំណើរក្នុងឆ្នាំ២០២៥។
លោក ឡាំង បានបន្ថែមថា នៅក្នុងជំហានបន្ទាប់ គណៈកម្មការNDRC នឹងបន្តពង្រឹងការកសាងម៉ាកយីហោរបស់សេវាកម្ម កែលម្អអន្តរជាតិនីយកម្ម និងទីផ្សាររបស់ខ្លួន និងបង្កើនភាពធន់របស់ខ្លួនសម្រាប់គុណភាពនិងប្រសិទ្ធភាពកាន់តែប្រសើរឡើងក្នុងការអភិវឌ្ឍ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





