អាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់ការជួសជុលកំពែងក្រុងអង្គរធំប្រវែង១៥ម៉ែត្រនៅដំណាច់ឆ្នាំ២០២៦
AKP សៀមរាបថ្ងៃទី២៩កក្កដាឆ្នាំ២០២៦--អាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់ការជួសជុលកំពែងក្រុងអង្គរធំប្រវែង១៥ ម៉ែត្រនៅដំណាច់ឆ្នាំ២០២៦នេះ បន្ទាប់ ពីដំណើរការជួសជុលនេះបានចំណាយ ពេលអស់ជាង២ខែកន្លះ មកហើយ ពោលគឺចាប់តាំងពីដើមខែមេសាឆ្នាំ២០២៦មក។ នេះបើយោងតាមការអោយដឹងពី មន្រ្តីបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា។

លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនា យកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា កំពែងក្រុងអង្គរធំប្រវែង១៥ម៉ែត្រនៅផ្នែកខាងត្បូងឆៀងខាងលិច នៃខ្លោងទ្វារទន្លេអុំ របស់ក្រុងអង្គរធំ បានរងការខូច ខាតជាយូរមកហើយ ដោយសារអាយុ កាលនៃថ្ម និងកត្តាធម្មជាតិ ដែលអាចបង្កឱ្យមានហានិភ័យមួយចំនួន ដូចជាជញ្ជាំងថ្មបាយ ក្រៀមបានហែកចេញពីគ្នា និងថ្មមួយចំនួនបានរលុះធ្លាក់។ ហើយចំពោះរចនាសម្ព័ន្ធស្លាបខ្លោងទ្វារនៅទិសខាងលិចវិញ ក៏មានការខូចខាតច្រើនដែរ ដោយសារការទ្រេត ការបាត់ផ្នែកដំបូល ហើយថ្មដែលនៅសល់តិចតួចមានដូចជាថ្មរូបទេពខ្លះៗ និងថ្មខឿននៃខ្លោងទ្វារ។ រីឯកាំជណ្តើរ ក៏ទទួលរងបញ្ហាទឹកហូរច្រោះ ធ្វើឱ្យជញ្ជាំងផ្នែកខាងក្នុងហែកក្រៀកពីគ្នា ធ្វើឱ្យបាត់ស្លាកស្នាមរូបរាងដើមរបស់កាំជណ្តើរ ព្រមទាំងថ្មភក់មួយចំនួនបានធ្លាក់ចុះពីទីតាំងជាដើម។ ដោយមើលឃើញអំពីហានិភ័យនេះហើយ ទើបអាជ្ញាធរជាតិអប្សរាបានដាក់ចេញនូវគំរោង ជួសជុលនេះឡើង។

លោក ម៉ៅ សុខនី បានអោយដឹងថា ការអនុវត្តគម្រោងជួសជុលរយៈពេ ល២ខែកន្លះមកនេះ លទ្ធផលគឺសម្រេចបានប្រមាណជាង៤៥% ដោយក្នុងនោះមានដូចជា ការពង្រឹងគ្រឹះ រៀបជញ្ជាំងបានប្រវែង៦ម៉ែត្រ រីឯកាំជណ្តើររៀបបានប្រហែល១៥ម៉ែត្រ។ ដោយឡែកការងារដែលនៅសេសសល់ ដូចជានៅតាមក្បាលជញ្ជាំងកំពែងផ្នែកខាងលិចប្រវែងជិត១០ម៉ែត្រ និងផ្នែកខាងលើប្រ ហែល៣រួតទៀត នឹងត្រូវដាប់ឆ្លាក់ធ្វើជាខ្សែក្បាច់ទៅតាមលំនាំដើម បង្ហាប់ដីផ្នែកខាងលើដោយប្រើកម្ទេចថ្មបាយក្រៀម និងធ្វើឱ្យមានផ្លូវទឹកហូរ។ ហើយនៅតាមផ្នែកកាំជណ្តើរ នឹងធ្វើការចាក់ដីបំពេញដើម្បីជួយទប់ជញ្ជាំងកុំឱ្យទ្រេត ដែលគម្រោងជួសជុលនេះ គ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២៦ខាងមុខ។

លោក សុខនី បានឱ្យដឹងទៀតថា ការជួសជុលគឺអនុវត្តទៅតាមបច្ចេកទេសពីបុរាណ ដោយធ្វើការរើថ្មពីលើចុះក្រោម ម្តងមួយរួតៗ រួចហើយធ្វើការជួសជុលពង្រឹងទាំងផ្នែកខាងក្នុងនិងខាងក្រៅ។ រីឯកំពែងទៀតសោត គឺរៀបជញ្ជាំងទាំងខាងក្នុងនិងខាងក្រៅ ដោយខាងក្នុងសង់ពីថ្មភក់ត្រូវចាក់ដីបំពេញប្រហែល១៥ម៉ែត្រ ឯផ្នែកខាងក្រៅជាថ្មបាយក្រៀម៕

ដោយ៖ ហង្ស សៀក





