ឯកឧត្ដម ឃួង ស្រេង ណែនាំឱ្យអភិបាលខណ្ឌត្រូវសហការជាមួយម្ចាស់ទីតាំង កំណត់មុខសញ្ញាប្រព្រឹត្ដបទល្មើស Online Scamsករណីសង្ស័យត្រូវចុះបង្ក្រាប់ភ្លាមៗ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦--
ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យអភិបាលខណ្ឌទាំងអស់ត្រូវសហការជាមួយម្ចាស់ទីតាំង ប្រជាពលរដ្ឋ កំណត់មុខសញ្ញាប្រព្រឹត្ដបទល្មើស Online Scamsករណីសង្ស័យត្រូវចុះបង្ក្រាប់ភ្លាមៗ ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំបែបនេះ ក្នុងកិច្ច
ប្រជុំតាមដានវឌ្ឍនភាព នៃការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាOnline Scams នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយមានការចូលរួមពី មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកស្នងការរង និងអភិបាលខណ្ឌទាំង១៤ រួមជាមួយមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត កាលពីរសៀលថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

តាមការបញ្ជាក់ឱ្យដឹងពី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថា ៖ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីដកស្រង់បទពិសោធន៍ និងលើកយកនូវបញ្ហាប្រឈមក្នុងការចុះអនុវត្តការងារកន្លងមក ពិសេសគឺពិភាក្សារកនូវចំណុចខ្វះខាត សម្រាប់ធ្វើការកែលម្អរ ធ្វើយ៉ាងណាឱ្យការចុះប្រតិបត្តិការទទួលបានលទ្ធផលកាន់តែល្អប្រសើរ។ ដើម្បីឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ខ្ញុំសូមដាក់ចេញនូវអនុសាសន៍ដឹកនាំជូនលោក លោកស្រីអភិបាលខណ្ឌទាំង១៤ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវអនុក្រឹត្យលេខ០៣ ដោយណែនាំឱ្យម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងស្នាក់នៅទាំងអស់ ក្នុងមូលដ្ឋានត្រូវចូលរួមសហការផ្តល់ព័ត៌មានជូនអាជ្ញាធរឱ្យបានត្រឹមត្រូវ។

រដ្ឋបាលខណ្ឌត្រូវអនុវត្តវិធានការជំនាញឱ្យកាន់តែសកម្ម ក្នុងការកំណត់មុខសញ្ញាសង្ស័យ ដើម្បីឈានដល់ការបង្រ្កាបបានទាន់ ពេលវេលា និងមានប្រសិទ្ធិភាព ហើយត្រូវធ្វើរបាយការ ណ៍លទ្ធផលអនុវត្តការងារប្រចាំខែមករដ្ឋបាលរាជធានីភ្នំពេញឱ្យបានទៀងទាត់។
ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឱ្យអភិបាលខណ្ឌទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងការផ្តល់សេវាសាធារ ណៈ ជូនប្រជាពលរដ្ឋនៅការិយាល័យច្រកចេញចូលតែមួយរដ្ឋបាលខណ្ឌ និងយន្តការច្រកចេញចូលតែមួយ សង្កាត់ ដើម្បីធ្វើយ៉ាងណាឱ្យស្របតាមសេចក្តីណែនាំស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិកាន់តែល្អប្រសើរថែមទៀត ៕
ដោយ សួស សំរិត





