មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មរដឹកនាំក្រុមការងារទៅទស្សនកិច្ចនៅប្រទេសចិន ដើម្បីទាក់ទាញអ្នកវិនិយោគលើការកែច្នៃស្វាយចន្ទីនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ ២០២៦--ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃនាយកដ្ឋានកសិឧស្សាហកម្ម ទៅទស្សនៈកិច្ចនៅប្រទេសចិនរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២២-២៥ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីទាក់ទាញអ្នកវិនិយោគលើការកែច្នៃស្វាយចន្ទីនៅកម្ពុជា។

ក្រសួងកសិកម្មបានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះមន្រ្តីក្រសួងបានជួបជាមួយក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្ម ហាងចូវ យូកូវយួន លីមីតធីត ស្ថិតនៅទីក្រុង ហាំងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជំរុញ និងស្រូបទាញអ្នកវិនិយោគចិនលើការកែច្នៃនៃវិស័យឧស្សាហកម្មស្វាយចន្ទីកម្ពុជាឱ្យកាន់តែរីកចម្រើន។

គួរបញ្ជាក់ថា ជាលទ្ធផលក្រោយពីទស្សនៈកិច្ច និងពិភាក្សាគ្នា ភាគីក្រុមហ៊ុន និងប្រតិភូកម្ពុជាបានឯកភាពគ្នាមួយចំនួនរួមមានដូចជា៖ ទី១.ក្រុមហ៊ុន នឹងលើកកម្ពស់ស្វាយចន្ទីកម្ពុជា ជាម៉ាកស្វាយចន្ទីសរីរាង្គតាមរយៈការប្រមូលទិញគ្រាប់ស្វាយចន្ទីកម្ពុជាដោយផ្ទាល់យកមកកែច្នៃនៅប្រទេសចិន ដើម្បីនាំចេញ ទៅកាន់ទីផ្សារអឺរ៉ុប ជប៉ុន និងទីផ្សារក្នុងស្រុកតែម្ដង។ ទី២. ក្រុមហ៊ុននឹងជួលក្រុមហ៊ុនទី៣ ដើម្បីទៅប្រទេសកម្ពុជាធ្វើការចុះសិក្សា ពិនិត្យ និងវាយតម្លៃអំពីអនុលោមភាពស្វាយចន្ទីសរីរាង្គ (ទាំងស្វាយចន្ទីពូជ M23 និងពូជប្រពៃណី) នៅតាមបណ្ដាខេត្តមួយចំនួនដូចជាខេត្តរតនគីរី, ស្ទឹងត្រែង, ក្រចេះ, កំពង់ចាម, កំពង់ធំ, សៀមរាប និងខេត្តព្រះវិហារជាដើម នៅអំឡុងខែសីហា ឆ្នាំ២០២៦ ខាងមុខឆាប់ៗនេះ។

ទី៣.ក្រុមហ៊ុន បានបង្ហាញគោលបំណងក្នុងការមកវិនិយោគបង្កើត រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតែម្ដងនៅខេត្តក្រចេះ និងបានស្នើសុំការគាំទ្រពីថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនូវលក្ខខណ្ឌអនុគ្រោះមួយចំនួន។ ទី៤.ក្រុមហ៊ុន នឹងចូលរួមវេទិកា កសិធុរកិច្ច និងវេទិកានានាតាមការអញ្ជើញរបស់ភាគីកម្ពុជានាពេលខាងមុខ។

ទី៥.ប្រតិភូ ម្ពុជា បានគាំទ្រដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាក្នុងគោលបំណងមកធ្វើការសិក្សា និងវាយ តម្លៃលើស្វាយចន្ទីសរីរាង្គនៅកម្ពុជា និងលើកសំណើនេះជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្នើសុំគោលការណ៍ជូននាយកដ្ឋានកសិឧស្សាហកម្មចូលរួមសម្របសម្រួលឱ្យបានសម្រេចជោគជ័យតាមផែនការ និងទី៦.ភាគីទាំងពីរនឹងធ្វើការទំនាក់ទំនងគ្នាជាបន្តទៀត ដោយមាននាយកដ្ឋានកសិឧស្សាហកម្ម គឺជាអង្គភាពទទួលបន្ទុកការងារសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធ៕

ដោយ មករា





