ដើម្បីទ្រទ្រង់ចង្ហាន់ក្នុងឱកាលចូលព្រះវស្សាមហាឧបាសក ចន្ទថោង សិរី្យ បានប្រគេនអង្ករចំនួន ៥តោន ដល់ព្រះសង្ឃវត្តស្វាយរមៀត
AKP សៀមរាប ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៦– ដោយទឹកចិត្តជ្រះថ្លាយ៉ាងក្រៃលែងក្នុងព្រះពុទ្ធសាសនា មហាឧបាសក ចន្ទថោង សិរី្យ និង បងប្អូនកូនចៅ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ បាននាំយកនូវបច្ច័យ និងទេយ្យទានជាអង្ករចំនួន ៥តោន ទៅវេរប្រគេនជូនព្រះសង្ឃដែលគង់ចាំព្រះវស្សា និងស្នាក់នៅសិក្សារៀនសូត្រ នៅវត្តស្វាយរមៀត ស្ថិតនៅសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកយ៉ាងសំខាន់ជាមួយព្រះសង្ឃក្នុងការសម្រាលបន្ទុកចង្ហាន់ប្រចាំថ្ងៃ ពិសេសក្នុងអំឡុងពេល៣ខែ នៃការចូលព្រះវស្សាដែលជាពេលវេលាព្រះសង្ឃត្រូវគង់ព្រះវស្សាដើម្បីប្រតិបត្តិធម៌ និងសិក្សារៀនសូត្រព្រះធម៌។

ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះចៅអធិការវត្តស្វាយរមៀត ព្រមទាំងព្រះសង្ឃគ្រប់ព្រះអង្គ បានមានសង្ឃដីការ ថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌ និងសទ្ធាជ្រះថ្លារបស់មហាឧបាសិការ និងគ្រួសារ ហើយបានប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ ជូនដល់មហាឧបាសក និងក្រុមគ្រួសារ។ ព្រះសច្ចានុបាល បានមានសង្ឃដីកាបន្តថា កាយវិការសប្បុរសធម៌ និងទឹកចិត្តជ្រះថ្លានេះ មិនត្រឹមតែបានចូលរួមចំណែកយ៉ាងធំធេងក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនានៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូដ៏ប្រពៃក្នុងការចែករំលែក និងបង្កើតនូវកុសលផលបុណ្យដ៏ថ្លៃថ្លាសម្រាប់ខ្លួនឯង និងគ្រួសារផងដែរ។

សូមបញ្ជាក់ថា ក្នុងព្រះពុទ្ធសាសនា ព្រះសង្ឃគ្រប់អង្គត្រូវគង់ចាំវស្សានៅក្នុងវត្តអារាមរៀងៗខ្លួន រយៈពេល ៣ខែ (ចាប់ពីថ្ងៃ ១រោច ខែអាសាឍ ដល់ថ្ងៃ ១៥កើត ខែអស្សុជ) ដោយមិនអនុញ្ញាតឱ្យនិមន្តទៅបិណ្ឌបាតឬនិវត្តទៅទីឆ្ងាយដោយគ្មានកិច្ចចាំបាច់ឡើយ។នៅក្នុងអំឡុងពេលចាំវស្សានេះពុទ្ធសាសនិក ជន ឧបាសក ឧបាសិកា តែងតែនាំគ្នាចូលរួមធ្វើបុណ្យទាន ប្រគេនចង្ហាន់ គ្រឿងឧបភោគបរិភោគ និងបរិក្ខារផ្សេងៗ ដល់ព្រះសង្ឃដើម្បីជួយសម្រួលដល់ការសិក្សារៀនសូត្រ និងការប្រតិបត្តិធម៌វិន័យ៕

ដោយ៖ ឃុត សៅ





