ឯកឧត្តម នេត្រ ភក្ត្រា៖ សកម្មភាពមនុស្សធម៌មិនត្រូវវាស់វែងត្រឹមទំហំថវិកាទេ តែត្រូវវាស់វែងដោយទំហំទឹកចិត្ត
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦-- «សកម្មភាពមនុស្សធម៌មិនត្រូវវាស់វែងត្រឹមទំហំថវិកា តិចឬច្រើនទេ តែត្រូវវាស់វែងដោយទំហំទឹកចិត្ត» នេះជាការគូសបញ្ជាក់ និងលើកឡើងដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមផ្ទាល់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ។

តាមរយៈសំណេរនៅលើបណ្តាញសង្គម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ ប្អូន ទីវ តារារិទ្ធ ដែលបានប្រែក្លាយកង់ ១គ្រឿង ឱ្យទៅជា «យាននៃក្តីសង្ឃឹម» និងជាសារមនុស្សធម៌ដ៏មានតម្លៃសម្រាប់កុមារកម្ពុជា។ យុវជនរូបនេះ បានលះបង់កម្លាំងកាយចិត្ត ចំណាយពេល ២ ឆ្នាំ ជិះកង់ឆ្លងកាត់ប្រទេសចំនួន ៤០ លើពិភពលោក ក្នុងចម្ងាយផ្លូវប្រមាណ ៥៨,០០០ គីឡូម៉ែត្រ និងរៃអង្គាសប្រាក់សម្រាប់បរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ និង មន្ទីរពេទ្យគន្ធបុប្ផា បានជាង ២៦ ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា ក្រសួងព័ត៌មានបានចូលរួមគាំទ្របេសកកម្មនេះ ដោយឈរលើជំនឿយ៉ាងមុតមាំថា ប្រព័ន្ធផ្សព្វផ្សាយមិនត្រឹមតែមានតួនាទីត្រឹមជាអ្នកផ្សព្វផ្សាយព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតតម្លៃវិជ្ជមាន ជំរុញសាមគ្គីភាពសង្គម លើកកម្ពស់ស្មារតីមនុស្សធម៌ និងផ្សព្វផ្សាយគំរូល្អៗបែបនេះទៅកាន់សាធារណជន។ស្មារតី និងការលះបង់ដ៏មហិមារបស់យុវជន ទីវ តារារិទ្ធ មិនត្រឹមតែបាននាំមកនូវថវិកាជួយសង្គ្រោះជីវិតកុមារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានស្តែងឱ្យឃើញយ៉ាងច្បាស់ពី «ទំហំទឹកចិត្ត» ដ៏ស្មោះសរ ដែលជាគំរូដ៏ប្រពៃសម្រាប់សង្គមជាតិទាំងមូល។

សូមបញ្ជាក់ថា ក្រសួងព័ត៌មានបានសម្របសម្រួលរៀបចំសន្និសីទសារព័ត៌មានដើម្បីផ្សព្វផ្សាយអំពីការបិទបញ្ចប់បេសកកម្ម « ជិះកង់ដើម្បីកុមារកម្ពុជា » កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការចូលរួមដោយផ្ទាល់ពីលោក ទីវ តារារិទ្ធ អ្នកជិះកង់ជុំវិញពិភពលោក រួមជាមួយតំណាងមូលនិធិគន្ធបុប្ផា និងតំណាងមន្ទីរពេទ្យកុមារអង្គរ។

លោកបានចាប់ផ្តើមជិះកង់រៃអង្គាសថវិកាកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ដោយចេញដំណើរពីខេត្តសៀមរាប ជាមួយកង់ដោតទង់ជាតិកម្ពុជា ឆ្លងកាត់តាមបណ្តាប្រទេសចំនួន ៤០ នៅទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក។ ក្នុងរយៈពេល ២ ឆ្នាំ លោកបានធ្វើដំណើរត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ក្នុងចម្ងាយផ្លូវសរុបប្រមាណជា ៥៨,០០០ គីឡូម៉ែត្រ និងទទួលបានថវិកាជាង ២៦០,០០០ ដុល្លារសហរដ្ឋអាមេរិក ដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ៕
ដោយ ទូច វលក្ខ័ណ
រូបភាព លោក ខឹម សុវណ្ណារ៉ា





