ការលើកកម្ពស់សុខុមាលភាព និងសិទ្ធិអំណាចរបស់ស្ត្រី និងកុមារ គឺជាកាតព្វកិច្ច និងការទទួលខុសត្រូវរួមរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់
AKP បន្ទាយមានជ័យ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦--ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៥ ប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោកជំទាវ ឈុត ដាលីន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក ខេត្ត បានគូសបញ្ជាក់យ៉ាងមុតមាំថា ការលើកកម្ពស់សុខុមាលភាព និងសិទ្ធិអំណាចរបស់ស្ត្រី និងកុមារ គឺជាកាតព្វកិច្ច និងការទទួលខុសត្រូវរួមរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកសាងសង្គមជាតិមួយប្រកបដោយភាពសុខដុមរមនា។

ក្នុងអង្គប្រជុំដែលបានប្រារព្ធឡើងនៅសាលប្រជុំ (ខ) សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ របាយការណ៍ការងារប្រចាំខែបានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដូចជាការផ្សព្វផ្សាយច្បាប់ ការផ្តល់សេវាគាំទ្រដល់ជនរងគ្រោះ ដោយអំពើហិង្សា និងការតាមដានស្ថានភាពកុមារងាយរងគ្រោះ។
ទោះបីជាយ៉ាងណាក៏ដោយ លោកជំទាវប្រធានបានជំរុញឱ្យអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធបន្តយកចិត្តទុកដាក់ខ្ពស់លើបញ្ហាប្រឈមដែលនៅសេសសល់ ដូចជា ករណីអំពើហិង្សាលើស្ត្រី និងកុមារ បញ្ហាបោះបង់ការសិក្សារបស់កុមារ និងកុមារចំណាកស្រុកការខ្វះខាតការថែទាំ និងភាពងាយរងគ្រោះក្នុងសហគមន៍។

យើងត្រូវចុះដល់មូលដ្ឋានឱ្យបានញឹកញាប់ ស្តាប់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋដោយផ្ទាល់ និងដោះស្រាយឱ្យបានទាន់ពេលវេលា ដោយមិនទុកឱ្យស្ត្រី និងកុមារណាម្នាក់ត្រូវបានមើលរំលងឡើយ។ នេះជាការលើកឡើងរបស់ លោកជំទាវ ឈុត ដាលីន។
ដើម្បីធានាប្រសិទ្ធភាពការងារនាពេលខាងមុខ គ.ក.ស.ក ខេត្ត បានដាក់ចេញនូវវិធានការគន្លឹះ ការពង្រឹងការយល់ដឹង បន្តផ្សព្វផ្សាយច្បាប់ និងសិទ្ធិស្ត្រី-កុមារឱ្យបានទូលំទូលាយ។កិច្ចការពារកុមារទប់ស្កាត់រាល់រូបភាពនៃអំពើហិង្សា ការកេងប្រវ័ញ្ច និងការជួញដូរមនុស្ស។ការលើកកម្ពស់ភាពជាអ្នកដឹកនាំ ជំរុញការចូលរួមរបស់ស្ត្រីក្នុងដំណើរការសម្រេចចិត្ត និងការអភិវឌ្ឍមូលដ្ឋាន។ការគាំទ្រសង្គមកិច្ចជួយដល់ស្ត្រីងាយរងគ្រោះ និងគ្រួសារក្រីក្រតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញ និងអន្តរាគមន៍ផ្សេងៗ។កិច្ចសហការជិតស្និទ្ធ ពង្រឹងភាពជាដៃគូរវាងរដ្ឋបាលខេត្ត មន្ទីរជំនាញ អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន។

កិច្ចប្រជុំនេះបានបញ្ចប់ទៅដោយស្មារតីប្តេជ្ញាចិត្តខ្ពស់ ក្រោមទស្សនវិស័យបុរេសកម្មថា ស្ត្រីមានតម្លៃ កុមារមានអនាគតដើម្បីធានាថាការអភិវឌ្ឍនៅក្នុងខេត្តបន្ទាយមានជ័យ គឺដើរទន្ទឹមគ្នាទៅនឹងការមិនទុកនរណាម្នាក់ចោលនៅពីក្រោយឡើយ៕
ដោយ ឈុន សារ៉ាត





