ប្រតិភូក្រសួងព័ត៌មាន ចូលរួមកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយ និងវិទ្យាស្ថានស្រាវជ្រាវ (SCO) ឆ្នាំ២០២៦ នៅកៀហ្ស៊ីស៊ីស្ថាន
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ -- ប្រតិភូក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានចូលរួមក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយ និងវិទ្យាស្ថានស្រាវជ្រាវនៃអង្គការសហប្រតិបត្តិការសៀងហៃ ឆ្នាំ២០២៦ (Shanghai CooperationOrganization Media and Think Tank Summit 2026) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៊ីស្កែក សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន។

កិច្ចប្រជុំកំពូលនេះ រៀបចំឡើងដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួ(Xinhua News Agency) សហការ ជាមួយទីភ្នាក់ងារព័ត៌មានជាតិKabar របស់សាធារណរដ្ឋ កៀហ្ស៊ីស៊ីស្ថាន ដោយមានការចូលរួមពី តំណាងស្ថាប័នសារព័ត៌មាន វិទ្យាស្ថានស្រាវជ្រាវ និងស្ថាប័នរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិក និង ដៃគូរបស់អង្គការសហប្រតិបត្តិការសៀងហៃ។ ក្រោមមូលបទ «សារៈសំខាន់នៃស្មារតី សៀង ហៃ ក្នុងយុគសម័យថ្មី៖ ពីការឯកភាពលើតម្លៃ ឆ្ពោះទៅការអនុវត្តកិច្ចសហប្រតិបត្តិការ» កិច្ចប្រជុំកំពូលនេះផ្តោតលើប្រធានបទ សំខាន់ៗចំនួនបួន រួមមានទី១. សមាហរណកម្មប្រព័ន្ធផ្សព្វផ្សាយឆ្លាតវៃ ទី២. កិច្ច សហប្រតិបត្តិការផ្តោតលើលទ្ធផលជាក់ស្តែង ទី៣. អភិបាលកិច្ចសកល និងទី៤. ការបើកចំហ និងកិច្ចសហប្រតិបត្តិការ ឈ្នះ- ឈ្នះ។ កិច្ចប្រជុំកំពូលនេះប្រព្រឹត្ត ទៅដោយមានសម័យប្រជុំពេញអង្គកិច្ចពិភាក្សាតាមក្រុមពិព័រណ៍រូបថតព្រមទាំងទស្សនកិច្ចសិក្សាទៅកាន់តំបន់វប្បធម៌ និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅកៀហ្ស៊ីស៊ីស្ថាន ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ការសិក្សាស្វែងយល់និងការចែករំលែក បទពិសោធ រវាងបណ្តាប្រទេសចូលរួម។

ការចូលរួមរបស់ប្រតិភូក្រសួងព័ត៌មានកម្ពុជាគឺជាឱកាសដ៏មានសារៈសំខាន់ក្នុងការសិក្សានិងស្វែងយល់ពីគោលនយោបាយទស្សនវិស័យនិងវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យព័ត៌មាន ជាពិសេស ការធ្វើបរិវត្តកម្មឌីជីថលការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ការពង្រឹងសមត្ថភាពប្រព័ន្ធផ្សព្វផ្សាយ និង ការ កសាងលំហព័ត៌មានប្រកបដោយគុណភាពសុវត្ថិភាព និងទំនួលខុសត្រូវ។ វេទិកានេះក៏ផ្តល់នូវបទពិសោធល្អៗតាម រយៈការផ្លាស់ប្តូរទស្សនៈនិងបទពិសោធរបស់អ្នកដឹកនាំស្ថាប័នសារព័ត៌មានអ្នកស្រាវជ្រាវ និងតំណាងរដ្ឋាភិបាល មកពីបណ្តាប្រទេសនានា ពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិតការ ផលិតខ្លឹមសារតាមទម្រង់ ផ្សព្វផ្សាយចម្រុះបែបការធ្វើសមាហរណកម្មប្រព័ន្ធផ្សព្វផ្សាយ និងការឆ្លើយតបនឹង បញ្ហាប្រឈមនៃព័ត៌មានក្លែងក្លាយ និងការបំភ្លៃព័ត៌មាន។

វត្តមានរបស់ប្រតិភូក្រសួងព័ត៌មាននៅក្នុងវេទិកាអន្តរជាតិនេះ ក៏ជាផ្នែកមួយនៃការពង្រីកបេសកកម្ម «ការទូតព័ត៌មាន» របស់កម្ពុជា ដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយជាស្ពានតភ្ជាប់ការយល់ដឹងការ កសាងទំនុកចិត្ត និងការពង្រឹងមិត្តភាពរវាងប្រជាជននិងប្រជាជន។

ទន្ទឹមនេះ កម្ពុជាអាចបន្តពង្រីកបណ្តាញ ភាពជាដៃគូជាមួយស្ថាប័នសារព័ត៌មាន និងវិទ្យាស្ថានស្រាវជ្រាវនៅក្នុងតំបន់ និងអន្តរជាតិ។ ជាពិសេសការចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ផ្តល់ឱកាសដ៏ល្អសម្រាប់ក្រសួងព័ត៌មានកម្ពុជានិងទីភ្នាក់ងារ ព័ត៌មានស៊ីនហួ ក្នុងការពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅមានប្រសិទ្ធភាព និងទទួលបាន លទ្ធផល ជាក់ស្តែងជាពិសេសលើការផ្លាស់ប្តូរព័ត៌មាន និងខ្លឹមសារសារព័ត៌មាន ការផលិតបទយកការណ៍ និងកម្មវិធីរួមគ្នា ការផ្លាស់ប្តូរទស្សនកិច្ចសិក្សាការបណ្តុះបណ្តាលអ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មាន ព្រម ទាំង ការចែករំលែកបទពិសោធលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត និង ឧបករណ៍ទំនើបក្នុង ការផលិតនិងផ្សព្វផ្សាយព័ត៌មាន។

ការចូលរួមរបស់ប្រតិភូក្រសួងព័ត៌មានកម្ពុជា ក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយ និង វិទ្យាស្ថានស្រាវជ្រាវ SCO ឆ្នាំ២០២៦ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ពង្រឹងការទូតព័ត៌មាន និងលើកកម្ពស់តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការកសាងសន្តិភាពការយល់ដឹងគ្នាការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួម៕

ដោយ៖ គង់ សិរីរ័ត្ន





