គ្រោះរាំងស្ងួតកំពុងរឹតត្បិតការគ្រប់គ្រងនៅទូទាំងប្រទេសឥណ្ឌូណេស៊ី
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ -- រដូវប្រាំងកាន់តែធ្ងន់ធ្ងរឡើងដែលបណ្តាលមកពីបាតុភូតអាកាសធាតុអែលនីញ៉ូ កំពុងបង្កឱ្យមានការខ្វះខាតទឹកធ្ងន់ធ្ងរនៅទូទាំងប្រទេសឥណ្ឌូណេស៊ី ដោយអាជ្ញាធរបានព្រមានថាភ្លៀងធ្លាក់តិចជាងធម្មតារយៈពេលយូរនឹងធ្វើឱ្យវិបត្តិកាន់តែធ្ងន់ធ្ងរឡើងនៅក្នុងខែខាងមុខ។ គ្រួសាររាប់ពាន់គ្រួសារនៅទូទាំងតំបន់ជាច្រើនបានអស់ទឹកជាច្រើនសប្តាហ៍ដោយគ្មានភ្លៀងធ្លាក់ ដែលធ្វើឱ្យគ្រួសារជាង៧.១០០គ្រួសារជួបការលំបាកក្នុងការទទួលបានទឹកស្អាតនៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំង ដូចជាតំបន់ជ្វាកណ្តាល ជ្វាខាងលិច យ៉ូកយ៉ាកាតា និងម៉ាលូគូ ជាកន្លែងដែលការផ្គត់ផ្គង់ទឹកបន្ទាន់កំពុងដំណើរការ។
ដើម្បីឆ្លើយតបទៅនឹងស្ថានភាពកាន់តែយ៉ាប់យ៉ឺននេះ ទីភ្នាក់ងារជាតិសម្រាប់វិធានការទប់ស្កាត់គ្រោះមហន្តរាយ (BNPB) របស់ប្រទេសឥណ្ឌូណេស៊ី បានជំរុញឱ្យរដ្ឋបាលតំបន់ និងសាធារណជនពង្រឹងការត្រៀមបង្ការគ្រោះរាំងស្ងួត។ អាជ្ញាធរកំពុងព្រមានមិនត្រឹមតែអំពីការខ្វះខាតទឹកស្អាតកាន់តែអាក្រក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងហានិភ័យកាន់តែខ្ពស់ទាក់ទងនឹងភ្លើងឆេះព្រៃផងដែរ ខណៈដែលរដូវប្រាំងនៅតែបន្ត។
ស្ថានភាពនេះត្រូវបានគេរំពឹងថានឹងកាន់តែអាក្រក់ទៅៗ ខណៈដែលទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូមិសាស្ត្រ (BMKG) បានព្រមានថារដូវប្រាំងឆ្នាំនេះអាចនឹងឈានដល់កម្រិតខ្ពស់បំផុត ដែលបង្កើនលទ្ធភាពបរាជ័យនៃការដាំដំណាំ។ ដោយសាររដូវប្រាំងត្រូវបានគេរំពឹងថានឹងឡើងដល់កម្រិតកំពូលរវាងខែកក្កដា និងខែកញ្ញា ទីភ្នាក់ងារ BMKG បានព្យាករថា ភ្លៀងធ្លាក់ទាបជាងធម្មតាជាង ៨០% នៃប្រជុំកោះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





