ក្រុមគ្រូពេទ្យចិនផ្តល់គ្លីនិកដោយឥតគិតថ្លៃនៅលើកោះហ្សានហ្ស៊ីបារ ប្រទេសតង់ហ្សានី
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ -- ក្រុមគ្រូពេទ្យចិនទី៣៥ នៅលើកោះហ្សានហ្ស៊ីបារ ប្រទេសតង់ហ្សានី បានធ្វើកម្មវិធីផ្សព្វផ្សាយវេជ្ជសាស្ត្រដោយឥតគិតថ្លៃនៅលើកោះនេះ ដែលជាផ្នែកមួយនៃកម្មវិធី«ក្រុមគ្រូពេទ្យ ១០០នាក់ក្នុងភូមិចំនួន ១.០០០» របស់ប្រទេសចិន ដែលមានគោលបំណងពង្រីកការទទួលបានសេវាថែទាំសុខភាពនៅកម្រិតសហគមន៍។
យោងតាមព័ត៌មានពីក្រុមគ្រូពេទ្យបានឱ្យដឹងថា ការផ្សព្វផ្សាយនេះត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យ Real Care ភាគខាងជើងកោះហ្សានហ្ស៊ីបារដោយនាំមកនូវសេវាវេជ្ជសាស្ត្រជាច្រើនប្រភេទដល់ប្រជាជនក្នុងតំបន់។
ក្រុមនេះមានការចូលរួមដោយវេជ្ជបណ្ឌិតចិនម្នាក់ទៀត គឺលោក ដៃ ស៊ីលីន (Dai Shilin) មកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនណានជីងក៏បានផ្តល់សេវាពិគ្រោះយោបល់ និងព្យាបាលដោយផ្តោតលើជំងឺថ្លើម រួមទាំងជំងឺរលាកថ្លើម ស្របតាមទិវាជំងឺរលាកថ្លើមពិភពលោកនាពេលខាងមុខ។ ថ្នាំបុរាណចិនឯកទេសដែលសមស្របទៅនឹងអាកាសធាតុត្រូពិចក្នុងតំបន់ក៏ត្រូវបានណែនាំផងដែរ។
សមាជិកគ្រូពេទ្យក៏បានផ្តល់ការអប់រំសុខភាពលើការបង្ការជំងឺការគ្រប់គ្រងជំងឺរ៉ាំរ៉ៃ និងការប្រើប្រាស់ថ្នាំត្រឹមត្រូវ ដោយចែកចាយថ្នាំដែលប្រើជាទូទៅដោយឥតគិតថ្លៃ។
លោក បៅ ហ្សេងតៅ (Bao Zengtao) ប្រធានក្រុមគ្រូពេទ្យបាននិយាយថា ក្រុមនេះបានធ្វើកម្មវិធីផ្សព្វផ្សាយបែបនេះចំនួន ២៤លើកនៅឆ្នាំនេះ ដោយសម្រេចបាននូវការគ្របដណ្តប់ទូទាំងកោះ និងពង្រឹងកិច្ចសហប្រតិបត្តិការសុខភាពចិន-តង់ហ្សានី៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





