អាជ្ញាធររាជធានីភ្នំពេញបន្ដចុះបង្ក្រាបបទល្មើស ONLINE SCAMSចំនួន៥៨ទីតាំង រកឃើញ២ករណីប្រព្រឹត្ដបទល្មើស និងឃាត់ខ្លួនមនុស្សចំនួន៥៣នាក់
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២៦--គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានបន្ដចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS ) បានចំនួន៥៨ទីតាំង ក្នុងនោះរកឃើញ២ករណី ដោយទី១.ពាក់ព័ន្ធបទល្មើស ក្រោមរូបភាពបង្ហោះផ្សព្វផ្សាយស្វែងរកការងារ និងទី២.ជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)ដោយឃាត់ខ្លួនជនសង្ស័យបានជាង៥០នាក់ និងវត្ថុតាងជាកុំព្យូទ័រយួរដៃនិងទូរស័ព្ទ រាប់រយគ្រឿង កាលពីម្សិលមិញ ខែកក្ដដា ឆ្នាំ២០២៦។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២៦នេះថា៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ តាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ សរុបបានចំនួន៥៨ ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន៥៣៣នាក់ (ស្រី ១៤៨នាក់ ) និងស្នាក់នៅគ្មានលិខិតឆ្លងដែនចំនួន៤ នាក់។

ក្នុងចំណោម៥៨ទីតាំងនេះក្រុមការងារ បានពិនិត្យរកឃើញទីតាំងប្រព្រឹត្តបទល្មើសចំនួន២ករណីរួមមាន៖
-១.នៅខុនដូរ Peninsula ជាន់ទី២១ បន្ទប់លេខD២ ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារឃាត់ ខ្លួនជនសង្ស័យចំនួន ២នាក់ (ប្រុស) មានជនជាតិចិននិងចិនតៃ វ៉ាន់ គ្មានលិខិតឆ្លងដែន ព្រមទាំងដកហូតសម្ភាររួមមាន៖ កុំព្យូទ័រ យួរដៃ៣គ្រឿងនិងទូរស័ព្ទ ១១គ្រឿង។ តាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានត្រួតពិនិត្យឃើញថាសង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS ) ក្រោមរូបភាព បង្ហោះផ្សព្វផ្សាយស្វែងរកការងារ។
-២. នៅអគារហ័នយូប្រផឹធីអគារ A១ (បន្ទប់លេខ១៥-៣៣,១៦-៣៥, ១៧-៣៦, ១៨-៣៦, ១៩-១៥) និងអគារ A២ (បន្ទប់លេខ០៧-១១, ០៧-២៥, ១៣A -២៦, ១៣A -៣០, ១៧ -២៥,១៨-២៨, ២០-២៥) ស្ថិតនៅក្បាលដីលេខ៧ ផ្លូវបើកថ្មី ភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួន ជនសង្ស័យចំនួន៥៣នាក់ (ស្រី៧នាក់) មានជនជាតិវៀតណាម៥២នាក់ (ស្រី៧នាក់) និងជនជាតិចិន១នាក់ (ប្រុស) ព្រមទាំងដកហូតសម្ភាររួមមាន៖កុំព្យូទ័រ យួរដៃ ៨៨គ្រឿងទូរស័ព្ទ៣៣០ គ្រឿង កុំព្យូទ័រAll in one ៩គ្រឿង ដុំ WiFi ៧គ្រឿង និងTablet ១គ្រឿង។ តាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញបានត្រួតពិនិត្យឃើញថាជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS )។

ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញជនសង្ស័យ និងសម្ភារជាវត្ថតាងទាំងអស់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្ដនីតិវិធី៕
ដោយ សួស សំរិត





