អភិបាលរងខេត្តកំពង់ធំ ជំរុញឱ្យមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធយកចិត្តទុកដាក់ធ្វើផែនការវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ឱ្យបានទាន់ពេលវេលា
AKPកំពង់ធំថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៦--លោកហ៊ឹម លីម៉េង អភិបាលរងខេត្តកំពង់ធំ បានជំរុញឱ្យមន្ទីរជំនាញនិងអង្គភាពពាក់ព័ន្ធខិតខំយកចិត្តទុកដាក់ធ្វើផែនការវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ អោយបានទាន់ពេលវេលា។
លោកអភិបាលរងខេត្តបានជំរុញដូចនេះក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៧-២០២៩ ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ធំ។

លោកអភិបាលរងខេត្តបានបញ្ជាក់ថាគោលបំណងនៃកិច្ចប្រជុំនេះគីដើម្បីឱ្យអ្នកពាក់ព័ន្ធយល់ពីខ្លឹមសារនៃសេចក្តីណែនាំស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តបានយល់ពីខ្លឹមសារលិខិតបទដ្ឋាននានា កញ្ចប់ថវិកាប្រចាំឆ្នាំ សារសំខាន់នៃការចូលរួម និងចូលរួមកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត។

កម្មវិធីនេះមានសារៈសំខាន់សំរាប់ការរៀបចំផែនការ និងសូចនាករដើម្បីវាស់វែង និងបញ្ចូលសកម្មភាពអត្ថិភាពដើម្បើធ្វើឱ្យផែនការតាមការរំពឹងទុកទទួលបានជោគជ័យ។ដូច្នេះគ្រប់ភាគីពាក់ព័ន្ធត្រូវក្ដាប់ឱ្យបានពីគោលបំណង នៃសេចក្តីណែនាំស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ព្រមទាំងទទួលបានការណែនាំពីនិតិវិធីនៃការរៀបចំ នឹងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តដោយបានយល់និងចេះបំពេញតារាងគោលមួយចំនួនដែលបានជូនភ្ជាប់។

លោកហ៊ឹម លីម៉េងអភិបាលរងខេត្តកំពង់ធំ បានសំណូមពរដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវធ្វើយ៉ាងណារៀបចំផែនការនេះទៅតាមកាលកំណត់និងទាន់ពេលវេលា៕

ដោយ៖ ស៊ុម វណ្ណា





