មន្រ្តីជំនាញកំពុងតាមដានករណីសង្ស័យលើការបញ្ចេញសំណល់រាវរបស់ក្រុមហ៊ុនរោងចក្រ ផលិត បោកគក់សម្លៀកបំពាក់មួយកន្លែង ចូលទៅក្នុងទន្លេបាទី
AKP ភ្នំពេញ ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០២៦--បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីករណីសង្ស័យថា មានការបញ្ចេញសំណល់រាវ ចូលទឹកទន្លេបាទី នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តកណ្ដាល បានចុះត្រួតពិនិត្យក្រុមហ៊ុន KICYN (CAMBODIA) CO., LTD. ដែលជាប្រភេទរោងចក្រផលិតបោកគក់សម្លៀកបំពាក់ ស្ថិតនៅភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សេចក្តីរាយការណ៍ពីក្រសួងបរិស្ថានបានបញ្ជាក់ប្រាប់ថា ក្រុមការងារពិនិត្យឃើញមានទឹកថ្លាមានពពុះ និងមានក្លិនអូសាវែល ហូរចេញពីលូអាងប្រព្រឹត្តិកម្ម សម្អាតសំណល់រាវចុងក្រោយ របស់ក្រុមហ៊ុន ចូលទន្លេបាទី។ ក្រុមការងារបានយកសំណាកទឹកចំនួន១សំណាក នៅទីតាំងខាងចុង មុនបង្ហូរចូលទន្លេបាទី មកវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន។

សូមបញ្ជាក់ថា ក្រុមហ៊ុនបានប្រើប្រាស់ម៉ាស៊ីនបោកចំនួន ៣៨ ម៉ាស៊ីនសម្ងួតចំនួន ៤១ ម៉ាស៊ីនពូតចំនួន ៧ ក្នុងផលិតកម្មរបស់ខ្លួន។ ជាមួយគ្នានេះ សំណល់រាវចេញពីផលិតកម្ម ត្រូវបានបង្ហូរចូលអាងប្រព្រឹត្តិកម្មបែបគីមីសាស្រ្ត ដោយប្រើប្រាស់ PAC NAOH PAM SODA ASH និងបាញ់ខ្យល់ ចុងក្រោយបង្ហូរតាមប្រព័ន្ធលូចូលទន្លេបាទី។

លើសពីនេះក្រុមហ៊ុនបានរៀបចំ និងមានរបាយការណ៍ IEIA និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធត្រឹមត្រូវ ព្រមទាំងបានបំពាក់ឧបករណ៍តាមដានគុណភាពទឹក ដោយស្វ័យប្រវត្តិរួចរាល់។ ក្រុមជំនាញបានរកឃើញ លទ្ធផលបង្ហាញតាមរយៈឧបករណ៍ គឺអនុលោមស្ដង់ដារ។ ការតេស្ដបឋមលើគុណភាពទឹក នៅចំណុចបង្ហូរចេញរបស់ក្រុមហ៊ុន ឃើញថា pH=7.94 គឺអនុលោមតាមស្ដង់ដារដែលកំណត់គឺ 5.5< pH < 9 ។

នៅចំពោះមុខ ក្រសួងបរិស្ថានបានដាក់វិធានការមួយចំនួនចំពោះក្រុមហ៊ុន ក្នុងនោះ ហាមដាច់ខាតបង្ហូរសំណល់រាវដោយផ្ទាល់ ដោយមិនឆ្លងកាត់ការធ្វើប្រព្រឹត្តិកម្មសម្អាតបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស មុនបង្ហូរចូលទៅក្នុងទន្លេបាទី។
ក្រុមហ៊ុននឹងទទួលខុសត្រូវតាមច្បាប់ នៅពេលរកឃើញ ករណីបញ្ចេញសំណល់រាវក្រោយការសម្អាត ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ក្រោយពេលការធ្វើតេស្តគុណភាពទឹក នៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន នឹងរកឃើញថា លើសកម្រិតកំណត់ស្ដង់ដារ៕

ដោយ មករា





