រដ្ឋមន្រ្តីក្រសួងកសិកម្មចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់ និងរៀបចំវិធានការជួយសង្គ្រោះ ក្នុងខេត្តចំនួនបី
AKP ភ្នំពេញ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦--ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់ និងរៀបចំវិធានការជួយសង្គ្រោះ ក្នុងខេត្តពោធិ៍សាត់ បាត់ដំបង និង បន្ទាយមានជ័យ។

គួរបញ្ជាក់ផងដែរថា ស្ថិតក្នុងឥទ្ធិពលនៃគ្រោះរាំងស្ងួតបង្កឡើងដោយបាតុភូតអែលនីញ៉ូ ក្រសួងកសិកម្ម បាននិងកំពុងសហការជាមួយ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរខេត្តគោលដៅ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពន្លឿនវិធានការជួយសង្គ្រោះ និងពង្រីកវិសាលភាពស្តារឡើងវិញ សំដៅជួយដោះស្រាយបញ្ហាប្រឈម និងជួយឱ្យបងប្អូនប្រជាកសិករអាចបន្តការបង្កបង្កើនផលវិញបានឱ្យអស់ពីលទ្ធភាព។

គួររំលឹកផងដែរថា បាតុភូតអាកាសធាតុក្តៅ អែលនីញ៉ូ( El Niño)ក្នុងឆ្នាំ ២០២៦ ដែលអាចនឹងរុញច្រានសីតុណ្ហភាពភពផែនដីឱ្យហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាន។បាតុភូតនេះកំពុងគ្រប់ដណ្តប់លើប្រទេសមួយចំនួនលើពិភពលោក ក្នុងនេះកម្ពុជាក៏កំពុងទទួលរងប៉ះពាល់បន្តបន្ទាប់៕



ដោយ មករា





