សហគមន៍ឆ្នេរសមុទ្រចំនួន៤១កំពុងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦--ព្រៃកោងកាងគឺជាសរសៃឈាមនៃតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា វាផ្តល់ជាជម្រកសម្រាប់ត្រី ក្តាម និងជីវចម្រុះក្នុងសមុទ្រផ្សេងទៀត ជួយការពារឆ្នេរសមុទ្រពីការហូរច្រោះ ផ្ទុកកាបូន និងទ្រទ្រង់ជីវភាពរស់នៅរបស់គ្រួសាររាប់ពាន់គ្រួសារដែលរស់នៅតាមតំបន់ឆ្នេរ។

ប្រភពពីអង្គការ FAO បានឱ្យដឹងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះថា តាមរយៈគម្រោង CamAdapt ដែលដឹកនាំដោយ ក្រសួងបរិស្ថាន និងអនុវត្តដោយសហការជាមួយអគ្គនាយកដ្ឋានជលផល (GDF) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ព្រមទាំងទទួលបានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការ FAO ប្រចាំកម្ពុជា និងថវិកាពីមូលនិធិបរិស្ថានសកល (GEF) សហគមន៍ឆ្នេរសមុទ្រចំនួន ៤១ នៅតាមបណ្តាខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប កំពុងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ស្របពេលជាមួយគ្នានឹងការការពារប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ទាំងនេះ។ គម្រោងនេះត្រូវបានរំពឹងថានឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនជាង ១០១ ០០០ នាក់ ដោយក្នុងនោះស្ត្រីមានចំនួនពាក់កណ្តាលនៃអ្នកទទួលផលសរុប ។

គម្រោង CamAdapt កំពុងគាំទ្រដល់ការការពារប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងដែលមានទំហំ ៥០ ០០០ ហិកតា ។ រហូតមកទល់ពេលនេះ ដើមកោងកាងចំនួន ៣ ០០០ ដើមត្រូវបានដាំ ហើយផ្ទៃដីព្រៃកោងកាងចំនួន ១០,៥៣ ហិកតាត្រូវបានស្តារឡើងវិញនៅតំបន់រ៉ាមសារ (Ramsar Site) កោះកាពិក ក្នុង ខេត្តកោះកុង ។

ក្នុងឱកាសទិវាអន្តរជាតិសម្រាប់ការអភិរក្សប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងនេះ អង្គការ FAO យើងសូមអបអរសាទរដល់សហគមន៍នានាដែលកំពុងការពារព្រៃកោងកាងរបស់កម្ពុជា និងកសាងអនាគតប្រកបដោយភាពធន់សម្រាប់ប្រជាជន និងធម្មជាតិ ៕

ដោយ ណយ នឿន (ប្រភព៖FAO)





