ក្រុមបាល់ទះជម្រើសជាតិកម្ពុជានាំយកពានរង្វាន់ SEA V-CUP ជើងទី១ ត្រឡប់មកដល់មាតុប្រទេសវិញជាមួយពិធីដង្ហែក្បួនយ៉ាងអធិកអធម
AKP កណ្តាល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦--ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដែលបានឈ្នះពានអាស៊ីអាគ្នេយ៍ SEA V Cup ឆ្នាំ២០២៦ ជើងទី១ ដែលបានចារទុកក្នុងប្រវត្តិសាស្ត្រក្នុងបាល់ទះអាស៊ានបានវិលត្រឡប់មកដល់មាតុប្រទេសវិញ កាលពីព្រលប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោជាមួយពិធីដង្ហែក្បួនអបអរសាទរយ៉ាងអធិកអធមពីអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល ចូលមករាជធានីភ្នំពេញ តាមដងផ្លូវសំខាន់ៗឆ្ពោះមកវិមានឯករាជ្យ កោះពេជ្រ ព្រះបរមរាជវាំង ហ្គ្រេនភ្នំពេញ និងបញ្ចប់ពិធីដង្ហែក្បួន នៅទីតាំងហ្វឹកហាត់ក្រុមជម្រើសជាតិ នៅក្លឹបវិសាខា កាលពីវេលាម៉ោង ៨ និង៣០នាទីយប់។

នៅក្នុងដំណើរនិវត្តន៍មកដល់អាកាសយានដ្ឋានអន្តរជាតិតេជោរបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជាប្រកបដោយមោទកភាពជាតិនេះទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ កែ សួនសុភី ព្រមទាំងឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក យានគី ស៊ីវុត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា ក្រុមបាល់ទះកម្ពុជាបានបញ្ចប់បេសកកម្មក្នុងពានរង្វាន់ជើងឯកតំបន់អាស៊ាន SEA V-CUP រដូវកាលទី៦ ឆ្នាំ២០២៦ មានចំនួន ២ជើង ដោយជើងទី១ ធ្វើឡើងនៅប្រទេសហ្វីលីពីន និងជើងទី២ ធ្វើឡើងប្រទេសឥណ្ឌូណេស៊ី។ ជាលទ្ធផលក្រុមកម្ពុជាដណ្តើមបានជើងឯក នៅក្នុងជើងទី១ និងចំណាត់ថ្នាក់លេខ៤ នៅក្នុងជើងទី២ ព្រមទាំងពានរង្វាន់ឯកត្តជនមួយចំនួនថែមទៀត។ «ជួសមុខឱ្យមហាគ្រួសារបាល់ទះកម្ពុជា ខ្ញុំនិងភរិយា មន្រ្តីរបស់សហព័ន្ធ មន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងមន្រ្តីរបស់គណៈកម្មាធិការជាតិអូឡាំពិក គ្រួសារកីឡាកម្ពុជា ព្រមទាំងក្រុមហ៊ុនឧបត្ថម្ភបានមកទទួលដំណើរត្រឡប់មកដល់មាតុភូមិយើងវិញ របស់ក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជា ក្រុមការងារគ្រូបង្វឹកនិងប្រតិភូ។ ខ្ញុំសូមថ្លែងអំណរគុណដល់ប្រតិភូ ក្រុមការងារគ្រូបង្វឹក និងប្អូនៗកីឡាករ ដែលបានខិតខំប្រកួតប្រឹងប្រែងប្រកួតលើឆាកអន្តរជាតិ ព្រមទាំងនាំយកពានរង្វាន់និងមេដាយជូនជាតិមាតុភូមិ»។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិសន្តិបណ្ឌិតបានថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនទាំងអស់ ដែលតែងតែចូលរួមគាំទ្រលើកទឹកចិត្តដល់កីឡាករយើង នៅទីលានផ្ទាល់ និងទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយនានា ទាំងក្នុងនិងក្រៅប្រទេស។ យើងរួមសាមគ្គីគ្នា សហការគ្នាខ្មែរតែមួយជាបន្តទៀត ដើម្បីសម្រេចក្តីស្រមៃនាំយកសមទ្ធិផលលើឆាកអន្តរជាតិជូនជាតិមាតុភូមិយើង នៅថ្ងៃអនាគតជាបន្តបន្ទាប់។

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ SEA V-Cup ឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ ដោយក្រុមបាល់ទះជម្រើសជាតិកម្ពុជា និងវៀតណាមបានចារឈ្មោះក្នុងប្រវត្តិសាស្ដ្រពានប្រចាំតំបន់មួយនេះ បន្ទាប់ពីក្រុមបាល់ទះកម្ពុជាបានឈ្នះជើងឯកក្នុងការប្រកួតជើងទី១ នៅហ្វីលីពីន ខណៈក្រុមវៀតណាមបានគ្រងជើងឯកក្នុងការប្រកួតជើងទី២ នៅប្រទេសឥណ្ឌូណេស៊ី៕
ដោយ ហេង ណាលីន (រូបភាព៖ យឹម សុវឌ្ឍនា)





