ជំងឺគ្រុនឈាមជាបច្ចុប្បន្នភាពដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយផ្តោតសំខាន់លើការអប់រំសុខភាពក្នុងសហគមន៍
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ជំងឺគ្រុនឈាមជាបច្ចុប្បន្នភាព ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយផ្តោតសំខាន់លើការអប់រំសុខភាពក្នុងសហគមន៍ ការលុបបំបាត់ទឹកដក់ដែលជម្រកមូសពងកូន និងការបាញ់ថ្នាំកំចាត់មូស ព្រមទាំងការសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យប្រកបដោយគុណភាព និងសុវត្ថិភាពដល់អ្នកជំងឺ និងកុមារគ្រប់រូប។

កាលពីថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងស្ថានភាពការវិវត្តន៍នៃជំងឺគ្រុនឈាម នៅមន្ទីរពេទ្យគន្ធបុប្ផា (វត្តភ្នំ)។ ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងថ្នាក់ដឹកនាំបុគ្គលិកគ្រប់លំដាប់ថ្នាក់ ដែលបាន និងកំពុងជួយសង្រ្គោះកុមារ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផាជានិម្មិតរូបនៃការជួយសង្រ្គោះកុមារនៅកម្ពុជា ប្រកបដោយក្តីករុណា គុណភាព និងក្តីសង្ឃឹម។ ក្រសួងសុខាភិបាល គាំទ្រមន្ទីរពេទ្យ ក្នុងការពង្រឹង និងលេីកស្ទួយគុណភាពសង្រ្គោះកុមារឱ្យកាន់តែប្រសើរ ធានាធ្វើយ៉ាងណាឱ្យកុមារគ្រប់រូប មានឱកាសទទួលការព្យាបាលប្រកបដោយសមធម៌៕

ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





