គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ ដល់អាកាសយានដ្ឋានអន្តរជាតិ ណយ បាយ រដ្ឋធានីហាណូយ ដោយសុវត្ថិភាព
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២៦--សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដល់រដ្ឋធានីហាណូយ ដោយសុវត្ថិភាព នៅរាត្រីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងដំណើរបំពេញទស្សន កិច្ចផ្លូវការ និងមិត្តភាព រយៈពេលបីថ្ងៃ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

អញ្ជើញទទួលគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិ ណយ បាយ ប្រកបដោយភាពកក់ក្តៅ និងស្និទ្ឋស្នាលបំផុត មានវត្តមាន លោក ជំទាវ ង្វៀន ធីថាញ់ អនុប្រធានរដ្ឋសភាវៀតណាម និងឯកឧត្តម លោកជំទាវ សមាជិកសមាជិការដ្ឋសភាវៀតណាមមួយចំនួនទៀត ព្រមទាំងវត្តមានរបស់ លោកជំទាវ ទូច សុផារត្ន ឯកអគ្គរាជទូតនៃព្រះរា ជាណាចក្រកម្ពុជាប្រចាំនៅប្រទេសវៀតណាម និងសហការីជាច្រើននាក់ផងដែរ។

សូមជម្រាបថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ រឹងមាំបន្ថែមទៀត ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។

តាមគម្រោង នៅថ្ងៃទី២៨ ខែកក្កដាស្អែកនេះ សម្តេចប្រធានរដ្ឋសភានឹង ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលៗនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាបន្តបន្ទាប់រួមមាន ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាមជួបសម្តែងការគួរសម ពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម ជាដើម៕


ដោយ៖ ប៊ុនរិទ្ធ , ប្រភព៖ រដ្ឋសភា





