កម្ពុជា រួមនឹងប្រទេស២ទៀតក្នុងក្របខ័ណ្ឌអាស៊ាន នឹងត្រូវអនុវត្តពន្ធបដិកា១០%
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២៦– កម្ពុជា រួមនឹងប្រទេស២ទៀតក្នុងក្របខ័ណ្ឌអាស៊ាន នឹងត្រូវអនុវត្តពន្ធបដិកា១០% បូក MFN ខណៈប្រទេស៣៨ទៀត រួមមានថៃ និងវៀតណាម ត្រូវអនុវត្ត ១២.៥% បូក MFN។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា អត្រាពន្ធបដិកាថ្មីដែលសហរដ្ឋអាមេរិក បានដាក់មកលើកម្ពុជា និងប្រទេសមួយចំនួនទៀតក្នុងក្របខ័ណ្ឌអាស៊ាន ស្ថិតក្នុងអត្រាចាប់ពី ១០% ទៅ ១២.៥% ។

ការគូសបញ្ជាក់នេះ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «អត្រាពន្ធគយថ្មី ក្នុងការនាំចូលពីកម្ពុជា ទៅសហរដ្ឋអាមេរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាព នៃមាត្រា ៣០១ ច្បាប់ពាណិជ្ជកម្ម សហរដ្ឋអាមេរិក» កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
ទាក់ទង នឹងការកំណត់ពន្ធរបស់សហរដ្ឋអាមេរិក បន្ទាប់ពីឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ឡើងកាន់ដំណែងមកមានការប្រែប្រួលជាបន្តបន្ទាប់ ដោយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ លោក ដូណាល់ ត្រា បានកំណត់បដិកាលើការនាំចូលទំនិញពីកម្ពុជាក្នុងអត្រា៤៩% ។ ក្រោយមក កម្ពុជា បានចរចាកំណត់អត្រាពន្ធបដិកាថ្មី ក្នុងអត្រា ១៩% នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកការកំណត់ថ្មីនេះ អាចជាលេសរបស់អាមេរិក ដើម្បីប្រមូលពន្ធតាមអ្វីដែលខ្លួនចង់បាន ដូចមុនពេល ដែលតុលាការកំពូលអាមេរិក បានច្រានចោលការដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ ដោយមិនជាប់ពាក់ព័ន្ធនិងការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំនោះទេ ហើយកម្ពុជាក៏មិនបានទិញវត្ថុធាតុដើមពីប្រទេស ដែលប្រើកម្លាំងពលកម្មដោយបង្ខំដែរ។
ឯកឧត្តម បានគូសបញ្ជាក់ថា សូម្បីតែប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប ដែលសុទ្ធតែជាប្រទេស មិនប្រើកម្លាំងពលកម្មដោយបង្ខំ ក៏ត្រូវបានសហរដ្ឋអាមេរិកដាក់ពន្ធ ១២.៥% បន្ថែម ដែលនេះបង្ហាញថា សហរដ្ឋអាមេរិកកំពុងស្វែងរកនីតិវិធី ឬលេសផ្សេងៗ តាមរយៈមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មរបស់ខ្លួន ដើម្បីដំឡើងពន្ធលើប្រទេសនានា ក្នុងគោលបំណងប្រមូលពន្ធឱ្យបាន ១៩% តាមកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិកា ដែលបានចុះហត្ថលេខា។

បើតាមច្បាប់ពាណិជ្ជកម្មអាមេរិក មាត្រា ១២២ ដែលសភាអនុញ្ញាតឱ្យប្រធានាធិបតី អាចមានសិទ្ធិដាក់ពន្ធពី ១០% រហូតដល់១៥% ក្នុងរយៈពេល១៥០ថ្ងៃ។ ដូច្នេះ សហរដ្ឋអាមេរិច បានសម្រេចដាក់ ១០%ទៅលើគ្រប់បណ្តា ប្រទេសទាំងអស់។ ពន្ធនេះត្រូវបាន អនុវត្តចប់នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដោយជំនួសមកវិញដោយពន្ធលើមាត្រា ៣០១។
តាមរយៈមាត្រា ៣០១ នេះ សហរដ្ឋអាមេរិកបានស៊ើបអង្កេតទៅប្រទេសចំនួន៦០ លើ២ចំណុច Force Labor (ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ឬទិញសម្ភារពីប្រទេស ដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ) និង Excess Capacity (ការផលិត បានច្រើនលើសអ្វីៗដែលផលិត ហើយមានការចូលរួមឧបត្ថម្ភធន ទៅដល់ក្រុមហ៊ុនដើម្បីផលិតបានច្រើនលក់ទៅសហរដ្ឋអាមេរិក ដោយមានការប្រកួតប្រជែងត្រឹមត្រូវ)។

ក្រោយការស៊ើបអង្កេត សហរដ្ឋអាមេរិក បានកំណត់ពន្ធថ្មី ក្នុងអត្រាចាប់ពី១០%ទៅ១២.៥% បូក MFN។ ដូច្នេះ ប្រទេសទាំង៦០ ដែលនាំចូលទំនិញទៅសហរដ្ឋអាមេរិក ត្រូវអនុវត្តពន្ធថ្មី ដែលបានកំណត់ដោយ លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយកម្ពុជា រួមនឹងប្រទេស២ទៀត រួមមាន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី នឹងត្រូវអនុវត្តពន្ធបដិកា១០% បូក MFN ខណៈប្រទេស៣៨ទៀត រួមមានថៃ វៀតណាម ត្រូវអនុវត្ត ១២.៥% បូក MFN។
ទន្ទឹមនឹងនោះដែរ ទំនិញរបស់កម្ពុជាចំនួន ១៥៤ បន្ទាត់ពន្ធគយ ដោយក្នុងនោះក្រៅពីវាយនភណ្ឌ គឺផលិតដែលធ្វើដោយដៃ ដូចជា ក្រមា, មួក ជាដើម និងផលិតផល ដែលធ្វើចេញពីកំទេចឈើ នាំចេញទៅអាមេរិកក្នុងអត្រាពន្ធសូន្យផងដែរ៕
ដោយ៖ ចរិយា





