ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល៖ មានតែ៤ប្រទេស ក្នុងនោះក៏មានកម្ពុជាផងដែរ ដែលអាម៉េរិក នឹងផ្តល់ជូននូវអត្រាពន្ធសូន្យ រយៈពេល៣ឆ្នាំ អាចនាំចេញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ ទៅអាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ --ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងបញ្ជាក់ថា មានតែ៤ប្រទេសប៉ុណ្ណោះ រួមមាន កម្ពុជា បង់ក្លាដេស ម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី ដែលសហរដ្ឋអាមេរិក នឹងផ្តល់ជូននូវអត្រាពន្ធសូន្យ អាចនាំចេញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ចូលទៅសហរដ្ឋអាមេរិក ក្នុងបរិមាណជាក់លាក់ដោយរួចផុតពន្ធរយៈពេល៣ឆ្នាំ ក្នុងករណីប្រើប្រាស់វត្ថុធាតុដើម (រួមមាន ក្រណាត់ កប្បាស ឬអំបោះជាដើម) នាំចូលពីអាម៉េរិក។ ការថ្លែងរបស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី អត្រាពន្ធគយថ្មីក្នុងការនាំចូលពីកម្ពុជាទៅសហរដ្ឋអាមេរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាព នៃមាត្រា ៣០១ ច្បាប់ពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលបានធ្វើឡើងនារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានបញ្ជាក់ថា អត្រាពន្ធបដិកាថ្មី ដែលសហរដ្ឋអាមេរិកដាក់មកលើកម្ពុជា គឺ១០% បូកអត្រា MFN មិនមែន១០% បន្ថែមលើពន្ធ១៩% នោះទេ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា៖ «នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ យើងបានទទួលអត្រាពន្ធថ្មី ១០% បូក MFN។ អាត្រាពន្ធនេះ មិនមែនបន្ថែមពីលើអត្រា១៩%នោះទេ គឺកម្ពុជាបង់ពន្ធលើ MFN ដែលពន្ធ MFN នេះ គឺជាអត្រាពន្ធអនុម័តដោយសភារបស់សហរដ្ឋអាមេរិក មិនមែនអនុម័តដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកទេ។ ដូច្នេះ គ្រប់ប្រទេសទាំងអស់ ត្រូវបង់លើ MFN បូក១០% ឬ MFN បូក១២.៥%»។
ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងថា ចាប់ពី២ ទៅ៣ខែទៀត អាម៉េរិក នឹងបញ្ជាក់លើពន្ធ Excess Capacity ជាថ្មី លើ១៦ប្រទេស ហើយក្នុងនោះ មានកម្ពុជា វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ចិន និងសហភាពអឺរ៉ុប ជាដើម។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានបន្ដថា ឆ្លងកាត់ការពិភាក្សាជាមួយនឹងតំណាងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក គឺនឹងមិនឱ្យកម្ពុជា បាត់បង់ភាពប្រកួតប្រជែងឡើយ ដោយគេបានបញ្ជាក់ច្បាស់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិកា ដែលអាម៉េរិក បានចុះហត្ថលេខាដោយឯកឧត្ដមប្រធានាធិបតី ដូណាល់ ត្រាំ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺគេនៅតែទទួលស្គាល់លើកិច្ចព្រមព្រៀងនោះ ពោលគឺបើទោះបីជាមានការកំណត់ជាថ្មីក៏ដោយ នឹងមិនឱ្យលើសពី ១៩%ឡើយ បានន័យថា Excess Capacity បូកជាមួយពន្ធ Force Labor កុំឱ្យលើស ១៩%ឡើយ។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានអះអាងថា៖ «គេក៏បានសន្យាជាមួយយើងថា គេមិនឱ្យកម្ពុជា បាត់បង់ភាពប្រកួតប្រជែង បើយើងចរចាចប់បានពន្ធបដិកា ឬពាណិជ្ជកម្មប៉ុណ្ណោះ១៩% ហើយបែរជាគាត់ឱ្យប្រទេសជិតខាងរបស់យើងទាបជាង ១៩% ក៏គាត់ទម្លាក់ឱ្យយើងស្មើគេដែរ។ មិនឱ្យយើងបាត់ភាពប្រកួតប្រជែងជាមួយប្រទេសជិតខាងទេ»៕
ដោយ៖ ស្រីពេជ្រ





