ឯកឧត្តអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំរៀបចំផែនការ សកម្មភាពអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រកម្ពុជាឆ្នាំ២០២៤-២០៣០ ថ្នាក់ក្រោមជាតិ
AKP ព្រះសីហនុ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ -- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិកាប្រជាជន និងអភិវឌ្ឍន៍ខេត្ត ដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូលក្នុងការរៀបចំផែនការ សកម្មភាពអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជាឆ្នាំ២០២៤-២០៣០ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត នៅមន្ទីរផែនការខេត្តព្រះសីហនុ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។



លោក តោ មុន្នីស័ក ប្រធានមន្ទីរផែនការខេត្តព្រះសីហនុ បានធ្វើរបាយការណ៍សង្ខេប ស្ដីពីបេសកកម្មការងារជំនាញក្នុងនាមមន្ទីរផែនការនៅថ្នាក់ក្រោមជាតិ និងធ្វើជាសេនាធិការជូនគណៈអភិបាលខេត្ត ដោយអនុវត្តការងារមួយចំនួនក្នុងការដឹកនាំសម្របសម្រួល និងគ្រប់គ្រងលើវិស័យផែនការ ដើម្បីជំរុញការងារអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ធានាបាននៅគុណភាព ប្រសិទ្ធភាព ព្រមទាំងចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ។ លោកបានបន្តថា ក្នុងនាមមន្ទីរផែនការ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញដំណើរការរៀបចំផែនការអភិវឌ្ឍន៍ខេត្ត តាមរយៈកម្មវិធិវិនិយោគ ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលរបស់ខេត្ត ក្រុង ស្រុក និងការផលិត ការប្រមូលទិន្នន័យមូលដ្ឋាននៅតាមឃុំ សង្កាត់ សម្រាប់រៀបចំវេទិកាពិគ្រោះយោបល់ថ្នាក់ខេត្ត ហើយទិន្នន័យដែលយើងធ្វើការបង្ហាញទាំងអស់នេះ មិនត្រឹមតែជាតួលេខនៃភាពជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាដើមទុនយុទ្ធសាស្ត្រសម្រាប់ខេត្តព្រះសីហនុ ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។


នាឱកាសនោះផងដែរ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងបញ្ជាក់ឱ្យឃើញពីភាពអំណោយផលពីកត្តាភូមិសាស្ត្ររបស់ខេត្ត ដែលត្រូវបានចាត់ទុកជាខេត្តមានយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងនាមជាច្រកទ្វារសមុទ្រសម្រាប់ការធ្វើពាណិជ្ជកម្ម ឧស្សាហកម្ម ការដឹកជញ្ជូន និងវិស័យទេសចរណ៍ បានដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យនេះ។ ការគ្រប់គ្រងប្រជាជន និងការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាចាំបាច់បំផុតដែលទាមទាឱ្យយើងទាំងអស់គ្នាចូលរួមអភិវឌ្ឍន៍សមត្ថភាពខ្លួនជាមួយនឹងការរីកចម្រើនយ៉ាងគំហុកនៃវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ខេត្តព្រះសីហនុ ដោយបានស្រូបទាញកម្លាំងពលកម្មយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបណ្តាខេត្តនានាមកស្នាក់នៅ និងបម្រើការងារផងដែរ ដូចនេះការកើនឡើងនៃចំនួនប្រជាជន ទាមទារឱ្យមានការគ្រប់គ្រងប្រជាសាស្ត្រឱ្យបានល្អិតល្អន់ ដើម្បីធានាថា ការអភិវឌ្ឍសេដ្ឋកិច្ចដើរទន្ទឹមគ្នានឹងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព ជាពិសេសការបំរើសេវាសង្គមបានកាន់តែល្អបន្ថែមទៀត។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ទោះបីកំណើនសេដ្ឋកិច្ចមានការរីកចម្រើនយ៉ាងឆាប់រហ័ស យើងក៏ត្រូវប្រឈមនឹងបញ្ហាសង្គមមួយចំនួនផងដែរ ក៏ប៉ុន្តែតម្រូវការសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងសុខភាពសម្រាប់បងប្អូនកម្មករ កម្មការិនី និងយុវជនក៏ជាកត្តាសំខាន់ផងដែរ។ ចំពោះការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជាឆ្នាំ២០២៤-២០៣០ ការតាមដាន និងសកម្មភាពនៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជននឹងក្លាយជាឧបករណ៍ដ៏សំខាន់ក្នុងការជួយឱ្យយើងកំណត់បាននូវមុខសញ្ញាដែលត្រូវជួយសង្គ្រោះ និងគាំពារ ដើម្បីបង្កើនគុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែប្រសើរឡើង។ ការកសាងធនធានមនុស្ស គឺជាការវិនិយោគលើប្រជាជនដ៏មានតម្លៃបំផុតនៅពេលដែលប្រជា ពលរដ្ឋយើងមានសុខភាពល្អ មានការយល់ដឹងខ្ពស់លើការរៀបចំផែនការគ្រួសារ ទទួលបានការគាំពារប្រឆាំងអំពើហិង្សាគ្រប់ទម្រង់ នោះពួកគេនឹងក្លាយជាកម្លាំងចលករដ៏រឹងមាំក្នុងការរុញច្រានសេដ្ឋកិច្ចខេត្តព្រះសីហនុក្លាយជាច្រកទ្វារសេដ្ឋកិច្ចដ៏មានឥទ្ធិពលរបស់កម្ពុជានៅលើឆាកអន្តរជាតិ៕
ដោយ៖ ងូ សុមុនី





