ឯកឧត្តម គន់ គីម ចុះពិនិត្យភាពរាំងស្ងួតប៉ះពាល់ដំណាំស្រូវរបស់កសិករស្រុកបាកាន
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ -- ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដំណាំស្រូវរបស់កសិករ ដោយសារកង្វះទឹកស្រោចស្រព ក្នុងភូមិចំការលើ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
នាឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ សហការគ្នាប្រមូលទិន្នន័យពីផលប៉ះពាល់ និងការខូចខាតឱ្យបានច្បាស់លាស់ ពិសេសដំណាំស្រូវនៅតំបន់ផ្សេងទៀតដែលអាចអន្តរាគមន៍ទឹកដោះស្រាយបាន គឺត្រូវចាត់ចែង និងកំណត់ពីវិធានការសង្គ្រោះស្រូវជូនប្រជាកសិករ។

យោងតាមការពិនិត្យជាក់ស្តែង ក្នុងចំណោមបណ្តាក្រុង ស្រុក ក្នុងខេត្តពោធិ៍សាត់ គឺស្រុកបាកាន បានរងការប៉ះពាល់ដោយភាពរាំងស្ងួតខ្លាំងច្រើនជាងគេ៕


ដោយ៖ ណយ នឿន (ប្រភព៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ)





