ក្រុមការងារក្រសួងធនធានទឹក និងមន្ទីរជំនាញ ចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ -- ដោយមានការបញ្ជាផ្ទាល់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្រុមការងារក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង កាលពីថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦ បាននាំយកម៉ាស៊ីនបូមទឹកចំនួន ៤គ្រឿង ទៅដាក់នៅក្បាលប្រឡាយអូរដូនពៅ ដើម្បីបូមទឹកជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ ស្ថិតក្នុងឃុំឃ្លាំងមាស ស្រុកបវេល និងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
សូមជម្រាបថា បច្ចុប្បន្ន ក្រុមការងារបានដាក់ដំណើរការម៉ាស៊ីនបូមទឹកចំនួន ២គ្រឿងរួចរាល់ហើយ និងកំពុងមមាញឹករៀបចំដំឡើងម៉ាស៊ីនចំនួន ២គ្រឿងបន្ថែមទៀត ដើម្បីពន្លឿនការបូមទឹកសង្គ្រោះស្រូវជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយបូមទាញទឹកចេញពីស្ទឹងមង្គលបុរី (ស្ទឹងបវេល)។

ដោយស្ថានភាពទឹកស្ទឹងមានការស្រកចុះខ្លាំង ក្រុមការងារបានធ្វើការបូមទឹកពីប្រភពស្ទឹងបញ្ជូនចូលទៅក្នុងប្រឡាយមេអូរដូនពៅ ដើម្បីសម្រួលដល់បងប្អូនប្រជាកសិករអាចបូមយកទឹកទៅប្រើប្រាស់បន្តក្នុងការសង្គ្រោះស្រូវឱ្យបានទាន់ពេលវេលា ក្នុងពេលដែលដំណាំស្រូវកំពុងជួបប្រទះបញ្ហាប្រឈមនឹងការខ្វះខាតទឹកស្រោចស្រព៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





