មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ
AKP កំពង់ធំ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦-- នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងផ្សព្វផ្សាយរំលឹកឡើងវិញនូវច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីនាយទាហាននាយទាហានរង និងពលទាហានជាច្រើននាក់។

លោកវរសេនីយ៍ទោ ស៊ុន សាម៉ុន នាយការិយាល័យទី១នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ដោយបានគូសបញ្ជាក់នៅចំណុចសំខាន់ៗមួយចំនួនដែលយោធិនគ្រប់រូបត្រូវចូលរួមអនុវត្តដោយខានពុំបាន និងបណ្ដាចំណុចមួយចំនួនទៀត ដែលយោធិនគ្រប់រូបត្រូវចៀសវាង។ ជាមួយគ្នានោះក៏បានគូសបញ្ជាក់នូវជំពូកទី៧ ស្ដីពីទណ្ឌកម្មចំពោះយោធិនដែលបានប្រព្រឹត្តខុសឆ្គង តាមច្បាប់ស្ដីពីលក្ខន្តិកៈទូទៅ ចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗដែលកើតមានឡើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយបានគូសបញ្ជាក់អំពីការរំលោភបំពានជាបន្តបន្ទាប់ពីយោធាថៃលើបទឈប់បាញ់ ដែលភាគីទាំងប្រទេសទាំងពីរ កម្ពុជា-ថៃ បានចុះហត្ថលេខា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងបានបញ្ជាក់អំពីវីរភាពដ៏អង់អាចក្លាហាន របស់យោធិននៃកងយោធពលខេមរភូមិន្ទយើង ដែលកំពុងតស៊ូពុះពារគ្រប់ការលំបាក ក្នុងការឈរជើងយ៉ាងរឹងមាំក្នុងភារកិច្ចការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានគ្រប់រូប ត្រូវគោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ តាមច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ដោយយោធិនគ្រប់រូបត្រូវតែស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ព្រមទាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានព្រមានដល់យោធិនគ្រប់រូបនៅក្រោមឱវាទ មិនត្រូវប្រព្រឹត្តអ្វីដែលខុសឆ្គងទៅនឹងច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ និងច្បាប់របស់រដ្ឋជាដាច់ខាត។ ក្នុងករណីមានយោធិនណាម្នាក់ប្រព្រឹត្តអំពើល្មើសវិន័យរបស់កងទ័ព ត្រូវទទួលទណ្ឌកម្មតាមជំពូកទី៧នៃច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ។ ក្នុងករណីធ្ងន់ធ្ងរខុសពីច្បាប់របស់រដ្ឋ ត្រូវបញ្ជូនទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ដោយគ្មានការយោគយល់ឡើយ៕
ដោយ ស៊ុម វណ្ណា





