អង្គការទស្សនៈពិភពលោក៖ កង់មួយគ្រឿងអាចផ្លាស់ប្តូរការសិក្សា និងអនាគតរបស់កុមារនៅតំបន់ជនបទ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ — តាមរយ:អង្គការទស្សនៈពិភពលោក (World Vision) នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្រុមហ៊ុនម្ចាស់ជំនួយ SP Building Management GIA Tower - Garden In the Air បានបរិច្ចាកអំណោយជាសម្ភារៈសិក្សា និងកង់ចំនួន ៧២គ្រឿង នឹងបន្តចែកជូនដល់សិស្សានុសិស្សក្នុងខេត្តបន្ទាយមានជ័យ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តព្រះវិហារ ដែលសរុបទាំងអស់មានចំនួនរហូតដល់ ២៤៧គ្រឿង។

កង់មិនមែនគ្រាន់តែជាមធ្យោបាយធ្វើដំណើរនោះទេ ប៉ុន្តែវាជា «ស្ពាន» ដ៏សំខាន់ជួយសម្រាលការលំបាក កាត់បន្ថយការបោះបង់ការសិក្សា និងផ្តល់ឱកាសឱ្យសិស្សានុសិស្សកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងស្រុកចុងកាល និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងនៅតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជាអាចទៅដល់សាលារៀនបានទាន់ពេលវេលា ទាំងសុវត្ថិភាព និងក្តីសង្ឃឹម។

អង្គការទស្សនៈពិភពលោសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ការគាំទ្រនេះ ដែលពិតជាបាននាំមកនូវស្នាមញញឹម និងក្តីសង្ឃឹមថ្មីដល់សិស្សានុសិស្សដែលកំពុងត្រូវការជំនួយពិតប្រាកដ៕

ដោយ៖ ណយ នឿន (ប្រភព៖ អង្គការទស្សនៈពិភពលោក)





