ឯកឧត្ដម ឃួង ស្រេង ប្រគេនទៀនព្រះវស្សា បច្ច័យ និងទេយ្យទាន ដល់វត្តចំនួន១៥១ និងសាលាបុណ្យចំនួន៥កន្លែង ក្នុងឱកាសនៃពិធីបុណ្យចូលព្រះវស្សា
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦-- ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្រ្តីរាជការ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ បាននាំយកទៀនវស្សា បច្ច័យ និងទេយ្យទានមួយចំនួន មកប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅតាមបណ្តាវត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន៥កន្លែងនៅ ក្នុងរាជធានីភ្នំពេញ ដោយពីធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២៦ នេះ នៅបរិវេណវត្តច័ន្ទបុរីវង្សរបស់សម្ដេចព្រះពោធិវាំង ណយ ច្រឹក ព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សម្រាប់១៥១វត្ត និងសាលាបុណ្យ៥កន្លែងក្នុងរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ បានប្រគេនទៀនព្រះវស្សា បច្ច័យនិងទេយ្យទាន ក្នុងមួយវត្តនិងសាលាបុណ្យនីមួយៗ មានបច្ច័យ៣០ម៉ឺនរៀល ទៀនព្រះវស្សា ១គូ អង្ករ១០០គីឡូក្រាម សាដក១ ស្ករស២៥គីឡូក្រាម ទឹកដោះគោខាប់១កេសស្មើ៤៨កំប៉ុង ទឹកក្រូច៥កេស ទឹកសុទ្ធ៥កេស មី៥កេស ត្រីខកំប៉ុង១កេសស្មើ១០០កំប៉ុងផងដែរ។

សូមបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សាប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដោយចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ជាទំនៀមទម្លាប់ ដោយពិធីនេះត្រូវចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់បងប្អូន និងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា និងសម្ភារៈប្រគេនដល់ព្រះសង្ឃ។ ក្នុងអំឡុងពេលចូលវស្សានេះរយៈពេល៣ខែនេះ ប្រជាពលរដ្ឋដែលគោរពព្រះពុទ្ធសាសនា និយមធ្វើចង្ហាន់នំចំណី និងគ្រឿងប្រើប្រាស់ផ្សេងៗទៅប្រគេនជាបន្តបន្ទាប់សម្រាប់ ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងអំឡុងពេលនេះផងដែរ។

ក្នុងឱកាសនោះ សម្ដេចព្រះពោធិវាំង ណយ ច្រឹក ព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា បានជូនពរសព្ទសាធុការដល់ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងមន្រ្តីរាជការ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញទាំងអស់សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ៕

ដោយ សួស សំរិត





