ទូតកម្ពុជានៅកូរ៉េ៖ កិច្ចប្រជុំ គណៈកម្មាធិការការងារសម្រាប់កិច្ចសហប្រតិបត្តិការបេតិកភណ្ឌវប្បធម៌អាស៊ាន-សាធារណរដ្ឋកូរ៉េជាវេទិកាដ៏មានសារៈ សំខាន់សម្រាប់កម្ពុជាក្នុងការចែករំលែកបទពិសោធន៍ ពង្រឹងសមត្ថភាពស្ថាប័នពាក់ព័ន្ធ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២៦--ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េបានចូលរួមកិច្ចប្រជុំគណៈកម្មាធិការការងារសម្រាប់កិច្ចសហប្រតិបត្តិការបេតិកភណ្ឌវប្បធម៌អាស៊ាន–សាធារណរដ្ឋកូរ៉េលើកទី៨ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េដោយបានលើកឡើងថាកិច្ចប្រជុំនេះក៏ជាវេទិកាដ៏មានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការចែករំលែកបទពិសោធន៍ ពង្រឹងសមត្ថភាពស្ថាប័នពាក់ព័ន្ធ និងស្វែងរកឱកាសកិច្ចសហប្រតិបត្តិការថ្មីៗ ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការការងារលើកទី៨ ស្តីពីកិច្ចសហប្រតិបត្តិការបេតិកភណ្ឌវប្បធម៌អាស៊ាន–សាធារណរដ្ឋកូរ៉េ (The 8th Working Committee for ASEAN-ROK Cultural Heritage Cooperation) ដែលរៀបចំដោយ Korea Heritage Service(KHS) សហការជាមួយ ASEAN Culture House (ACH) នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយ មជ្ឈមណ្ឌលព័ត៌មាន និងបណ្តាញអន្តរជាតិសម្រាប់បេតិកភណ្ឌវប្បធម៌អរូបីប្រចាំតំបន់អាស៊ី–ប៉ាស៊ីហ្វិក (ICHCAP) ដែលស្ថិតក្រោមការឧបត្ថម្ភរបស់ អង្គការយូណេស្កូ (UNESCO) ក្នុងគោលបំណងលើកកម្ពស់ការយោ គយល់គ្នាទៅវិញទៅមកផ្នែកវប្បធម៌ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការពង្រឹងការផ្លាស់ប្តូរព័ត៌មាន ការចែករំលែកបទពិសោធន៍ និងការពង្រី កបណ្តាញកិច្ចសហប្រតិបត្តិការរវាង Korea Heritage Service និង គណៈកម្មាធិការអាស៊ានប្រចាំទីក្រុងសេអ៊ូល (ASEAN Committee in Seoul - ACS)។

កិច្ចពិភាក្សាផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការបេតិកភណ្ឌវប្បធម៌រូបី និងអរូបី រវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ រួមមាន ១) សមិទ្ធផលដែលសម្រេចបានលើវិស័យនេះ នាពេលកន្លង ២) បច្ចុប្បន្នភាពនៃគំនិតផ្តួចផ្តើម និងគម្រោងដែលជាកិច្ចសហប្រតិបត្តិការរួមគ្នាលើផ្នែកបេតិកភណ្ឌវប្បធម៌អាស៊ាន-កូរ៉េ និង ៣) ការរៀបចំទិសដៅអនាគតសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការខាងលើ។

ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជា ក់ថា កិច្ចប្រជុំនេះក៏ជាវេទិកាដ៏មានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការចែករំលែកបទពិសោធន៍ ពង្រឹងសមត្ថភាពស្ថាប័នពាក់ព័ន្ធ និងស្វែងរកឱកាសកិច្ចសហប្រតិបត្តិការថ្មីៗ ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រដល់ការអភិរក្ស ការគ្រប់គ្រង និងការផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងអាចយកទៅប្រើ ប្រាស់សម្រាប់កិច្ចគាំពារ អភិរក្ស និងគ្រប់គ្រងសម្បត្តិបេតិកភណ្ឌវប្បធម៌អាស៊ាន-កូរ៉េ៕
ដោយ ៖ ប៊ុនរិទ្ធ





