លោក លី និយាយថា ការលេចចេញនូវយុគសម័យបញ្ញាសិប្បនិម្មិត ផ្តល់នូវឱកាសថ្មីដល់កូរ៉េខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ -- ប្រធានាធិបតីខាងត្បូង លោក លី ជេម្យុង បាននិយាយកាលពីពេលថ្មីៗនេះថា ការលេចចេញនូវយុគសម័យបញ្ញាសិប្បនិម្មិត (AI) ផ្តល់នូវឱកាសថ្មីមួយសម្រាប់ប្រទេសកូរ៉េខាងត្បូង ដោយសន្យាថានឹងប្រែក្លាយប្រទេសពីអ្នកដើរតាមគេទៅជាប្រទេសនាំមុខគេក្នុងពិភពលោក។
លោកប្រធានាធិបតីបានធ្វើការកត់សម្គាល់នេះនៅក្នុងកិច្ចប្រជុំជាមួយប្រជាជនកូរ៉េខាងត្បូងនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នៅថ្ងៃទីពីរនៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក ដែលមានគោលបំណងលើកកម្ពស់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការ AI រវាងក្រុមហ៊ុនបច្ចេកវិទ្យាយក្សសកលលោក និងកូរ៉េខាងត្បូង។
លោកក៏បាននិយាយផងដែរថា យុគសម័យ AI ថ្មី បង្ហាញពីឱកាសថ្មីពិតប្រាកដមួយសម្រាប់ប្រទេសកូរ៉េខាងត្បូង ដោយលោកបានបន្ថែមថាលោកខិតខំធ្វើឱ្យប្រទេសកូរ៉េខាងត្បូង «ក្លាយជាប្រទេសដែលមិនអាចជំនួសបាន» និងធានាថា ប្រទេសដទៃទៀតគិតថា «គ្មានអ្វីអាចធ្វើបានដោយគ្មានប្រទេសកូរ៉េខាងត្បូងទេ»។
ការកត់សម្គាល់របស់លោកខាងលើនេះ បានកើតឡើងនៅមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សសកលលោកមួយចំនួនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដូចជាក្រុមហ៊ុនអេនវីឌៀ ក្រុមហ៊ុនអូភេនអេអាយ និងក្រុមហ៊ុនអេនត្រូពិក បានយល់ព្រមទៅលើកិច្ចព្រមព្រៀងអាជីវកម្ម និងកិច្ចព្រមព្រៀងភាពជាដៃគូជាបន្តបន្ទាប់ជាមួយក្រុមហ៊ុនកូរ៉េខាងត្បូង ដែលរួមមានទាំងក្រុមហ៊ុនអេឡិចត្រូនិចសាំស៊ុង និងក្រុមហ៊ុនអេសខេ ហ៊ីនីច នៅក្នុងព្រឹត្តិការណ៍កម្រិតខ្ពស់មួយ ដែលលោក លី បានចូលរួម៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





