លោក លី និយាយថា ទំនាក់ទំនងជាមួយតំបន់អាម៉េរិកខាងត្បូងកំពុងចូលដល់ដំណាក់កាលថ្មី ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យធនធាន និងពាណិជ្ជកម្ម
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ -- ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះថា ទំនាក់ទំនងរបស់កូរ៉េខាងត្បូងជាមួយតំបន់អាម៉េរិកខាងត្បូងកំពុងចូលទៅក្នុង «ដំណាក់កាលថ្មីមួយ»ដោយបន្ថែមថា ប្រទេសរបស់លោកកំពុងស្វែងរកការជំរុញកិច្ចចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្លុកពាណិជ្ជកម្មក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការលើរ៉ែសំខាន់ៗ។
ប្រធានាធិបតីកូរ៉េខាងត្បូងបានធ្វើការកត់សម្គាល់នេះនៅក្នុងបទសម្ភាសន៍មួយជាមួយ EFE ដែលជាទីភ្នាក់ងារសារព័ត៌មានអន្តរជាតិអេស្ប៉ាញ ខណៈដែលលោកទៅដល់ប្រទេសប្រេស៊ីលកាលពីថ្ងៃអាទិត្យដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសនៅតំបន់អាម៉េរិកខាងត្បូងចំនួនបី ដែលរួមមានទាំងឈីលី និងអាហ្សង់ទីន សម្រាប់កិច្ចពិភាក្សាកំពូល។
មុនពេលធ្វើដំណើរ លោក លី បានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការធុរកិច្ចបញ្ញាសិប្បនិម្មិតរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
លោក លី បាននិយាយនៅក្នុងបទសម្ភាសន៍ថា «ប្រទេសជាសមាជិក Mercosur គឺជាប្រទេសឈានមុខគេលើពិភពលោកក្នុងវិស័យកសិកម្មផលិតកម្មស្បៀងអាហារ ថាមពល និងរ៉ែសំខាន់ៗ ខណៈដែលប្រទេសកូរ៉េខាងត្បូង គឺជាប្រទេសឈានមុខគេលើពិភពលោកក្នុងវិស័យផលិតកម្មទំនើប បច្ចេកវិទ្យាឌីជីថល ការសាងសង់នាវា អាគុយ និងនវានុវត្តន៍»។
Mercosur គឺជាប្លុកសេដ្ឋកិច្ច និងនយោបាយអាម៉េរិកខាងត្បូងមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ ដោយរួមមានប្រទេសអាហ្សង់ទីនប្រេស៊ីល ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ។ សមាជិកភាពរបស់ខ្លួនបច្ចុប្បន្នរួមមានប្រទេសបូលីវីផងដែរ។
សារព័ត៌មាន EFE បានដកស្រង់សម្តីរបស់លោក លី ដែលបាននិយាយថា «តាមរយៈការនាំយកចំណុចខ្លាំងទាំងនេះមកជាមួយគ្នា យើងអាចបង្កើតខ្សែសង្វាក់តម្លៃដែលអាចធន់បាន ដែលផ្តល់អត្ថប្រយោជន៍ដល់តំបន់ទាំងពីរ»។
លោកបានបន្ថែមថា «ការកើនឡើងនៃនិន្នាការការពារនិយម ភាពតានតឹងភូមិសាស្ត្រនយោបាយ ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការព្រួយបារម្ភអំពីសន្តិសុខថាមពល កំពុងផ្លាស់ប្តូរប្រព័ន្ធពាណិជ្ជកម្មសកលលោក។ នៅក្នុងពេលវេលាដូចនេះ ប្រទេសនានាត្រូវការដៃគូដែលអាចទុកចិត្តបានច្រើនជាងពេលណាៗទាំងអស់» ដោយលោកបានសង្កត់ធ្ងន់ទៅលើកិច្ចខិតខំប្រឹងប្រែងដើម្បីបន្តកិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្លុកសេដ្ឋកិច្ច Mercosur៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





