ភាពជាដៃគូបន្ទះឈីបដែលមានតម្លៃ ៩៥០ពាន់លានដុល្លារអាម៉េរិក ពង្រឹងតួនាទីរបស់កូរ៉េខាងត្បូងនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បញ្ញាសិប្បនិម្មិតសកលលោក
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ -- ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកសំខាន់ៗរបស់កូរ៉េខាងត្បូង និងក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗផ្សេងទៀត បានព្រមព្រៀងគ្នាលើភាពជាដៃគូដែលមានតម្លៃសរុប ៩៥០ពាន់លានដុល្លារអាម៉េរិក ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗទូទាំងពិភពលោក នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង ទៅកាន់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដោយបានបង្ហាញពីតួនាទីពង្រីករបស់ប្រទេសកូរ៉េខាងត្បូងនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បញ្ញាសិប្បនិម្មិត(AI) ជាសកល។
កិច្ចព្រមព្រៀងរយៈពេលវែង ដែលបានប្រកាសរួមជាមួយនឹងសុន្ទរកថា «សេចក្តីប្រកាសសាន់ហ្វ្រាន់ស៊ីស្កូ ស្តីពបញ្ញាសិប្បនិម្មិត» របស់លោក លី កាលពីពេលថ្មីៗនេះ បាននាំមកនូវការជួបជុំគ្នារបស់ថ្នាក់ដឹកនាំនៃក្រុមហ៊ុនអេឡិចត្រូនិចសាំស៊ុង ក្រុមហ៊ុនអេសខេគ្រុប ក្រុមហ៊ុនយានយន្តហ៊ីយ៉ាន់ដាយគ្រុប និងក្រុមហ៊ុនណាវើរ រួមជាមួយតំណាងនៃក្រុមហ៊ុនអេនវីឌៀ ក្រុមហ៊ុនអូភេនអេអាយ ក្រុមហ៊ុនប្រតខម និងក្រុមហ៊ុនអេនត្រូពីក។
ភាពជាដៃគូទាំងនេះត្រូវបានធ្វើឡើង ខណៈដែលទីក្រុងសេអ៊ូលកំពុងស្វែងរកការបង្កើតខ្លួនជាដៃគូដែលមិនអាចខ្វះបានក្នុងការផលិតឧបករណ៍អេឡិចត្រូនិក និងហេដ្ឋារចនាសម្ព័ន្ធ AI ចំពេលដែលមានការរីកចម្រើននៃឧបករណ៍អេឡិចត្រូនិកដែលជំរុញដោយ AI។
លោកប្រធានាធិបតីបាននិយយថា «កូរ៉េខាងត្បូងមានគោលបំណងក្លាយជាសសរស្តម្ភដែលមិនអាចជំនួសបាននៃខ្សែសង្វាក់ផ្គត់ផ្គង់ AI សកលលោក» ដោយលោកប្រធានាធិបតីបាននិយាយដោយបង្ហាញពីចក្ខុវិស័យរបស់ប្រទេសសម្រាប់អនាគតនៃ AI និងស្នើឡើងនូវក្របខ័ណ្ឌសហប្រតិបត្តិការសកលលោក។
លោកបានបន្ថែមថា «ដោយកសាងលើការប្រកួតប្រជែងលំដាប់ពិភពលោករបស់យើងនៅក្នុងបន្ទះឈីបអង្គចងចាំ និងសមត្ថភាពផលិតកម្មពាក់ព័ន្ធ ប្រទេសកូរ៉េខាងត្បូងនឹងបម្រើជាមូលដ្ឋានផលិតកម្មដែលគួរឱ្យទុកចិត្តសម្រាប់ឧបករណ៍អេឡិចត្រូនិក AI និងជាដៃគូខ្សែសង្វាក់ផ្គត់ផ្គង់ដែលអាចទុកចិត្តបាន»។
លោកប្រធានាធិបតីក៏បានចង្អុលបង្ហាញពីការជំរុញរបស់ប្រទេសនេះឱ្យក្លាយជា «វេទិកាសាកល្បង AI និងវេទិកាផលិតកម្មសកលលោកផងដែរ» ដោយផ្លាស់ប្តូរហួសពីមន្ទីរពិសោធន៍ និងកន្លែងឌីជីថល និងទទួលយកAI នៅក្នុងពិភពពិត រួមទាំងនៅក្នុងរោងចក្រផលិត នៅក្នុងទីក្រុង និងនៅក្នុងមជ្ឈមណ្ឌលដឹកជញ្ជូន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





