ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី៖ រុស្ស៊ីនឹងបន្តហាមឃាត់ការនាំចេញប្រេងឥន្ធនៈរហូតដល់ចុងឆ្នាំនេះ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ -- ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក អាឡិចសាន់ដឺរ ណូវ៉ាក់ បាននិយាយថា ការហាមឃាត់ការនាំចេញប្រេងឥន្ធនៈពីប្រទេសរុស្ស៊ីនឹងត្រូវបន្តរហូតដល់ចុងឆ្នាំនេះ។
លោកបានប្រាប់អ្នកសារព័ត៌មានថា «ទាក់ទងនឹងការហាមឃាត់ការនាំចេញប្រេងឥន្ធនៈ យើងក៏បានសម្រេចចិត្តបន្តវាសម្រាប់ទាំងក្រុមហ៊ុនផលិត និងអ្នកមិនមែនជាក្រុមហ៊ុនផលិតផងដែរ។ ដូច្នេះ វានឹងត្រូវបន្តរហូតដល់ចុងឆ្នាំនេះ»។
លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា ការហាមឃាត់ការនាំចេញប្រេងម៉ាស៊ូតនឹងត្រូវបានលើកលែងចោល នៅពេលដែលទីផ្សារងើបឡើងវិញ។
ការផលិតប្រេងឥន្ធនៈនៅក្នុងប្រទេសរុស្ស៊ីត្រូវបានកាត់បន្ថយដោយផ្នែក ដោយសារតែការវាយប្រហារលើរោងចក្រចម្រាញ់ប្រេង បើទោះបីជាស្ថានភាពមានស្ថេរភាពក្នុងកម្រិតខ្លះក៏ដោយ។ នេះបើយោងតាមរបាយការណ៍របស់លោក ណូវ៉ាក់។ អាជ្ញាធររុស្ស៊ីបានដាក់បម្រាមលើការនាំចេញប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូត ខណៈដែលការនាំចូលផលិតផលប្រេងឥន្ធនៈត្រូវបានកំណត់ឱ្យចាប់ផ្តើមនៅក្នុងខែកក្កដា។ ក្រុមហ៊ុនប្រេងធំៗកំពុងផ្តល់អាទិភាពដល់ការដឹកជញ្ជូនប្រេងឥន្ធនៈទៅកាន់តំបន់ដែលបម្រើដោយអ្នកលក់រាយប្រេងឥន្ធនៈឯករាជ្យ។
នៅពេលមុននេះ លោក ណូវ៉ាក់ បានប្រាប់សារព័ត៌មានតាសស៍ថាប្រទេសរុស្ស៊ីបានប្រមូលផ្តុំការផ្គត់ផ្គង់ប្រេងឥន្ធនៈគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុងស្រុក ប៉ុន្តែការទិញដោយភ័យស្លន់ស្លោបានជំរុញឱ្យតម្រូវការកើនឡើងប្រហែល ២០% - ៣០%។ លោកបានកត់សម្គាល់ថា ការរៀបចំរចនាសម្ព័ន្ធបណ្តាញភស្តុភារឡើងវិញដើម្បីបំពេញតម្រូវការបច្ចុប្បន្ននឹងត្រូវការពេលវេលាខ្លះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





