កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្តរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តសាខា ប្រធាន/អនុប្រធានគណៈកម្មាធិការអនុសាខាក្រុង-ស្រុក ទាំង៩ សរុបអ្នកចូលរួមចំនួន ៣៣នាក់ ស្រី១២នាក់ នៅសាលប្រជុំ យឹម សុខុម អគាររដ្ឋបាលខេត្ត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខាបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារនាពេលកន្លងមក ព្រមទាំងបានផ្តល់ការណែនាំ និងដាក់ចេញនូវទិសដៅការងារសំខាន់ៗឱ្យអនុសាខាតាមបណ្តាក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារអាទិភាព សំខាន់ៗមួយចំនួនរួមមាន៖ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយ និងជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ព្រមទាំងផ្តល់ការគាំពារដល់ជនក្រីក្រ និងបងប្អូនអតីតយុទ្ធជនក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។ ត្រូវសហការផ្សព្វផ្សាយ និងអប់រំណែនាំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិនានា។ ក្រុមប្រតិបត្តិអនុសាខាត្រូវសហការជាមួយកងកម្លាំងមានសមត្ថកិច្ច ដើម្បីចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្ស និងបងប្អូនកម្មករ-កម្មការិនីរោងចក្រ សំដៅបង្កើនការប្រុងប្រយ័ត្ន និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ត្រូវរួមគ្នាផ្សព្វផ្សាយ និងជំរុញដល់មាតាដែលមានផ្ទៃពោះ ឱ្យទៅទទួលវ៉ាក់សាំងការពារតាមកាលកំណត់ និងការថែទាំសុខភាពឱ្យបានត្រឹមត្រូវ។ និងត្រូវចូលរួមរៀបចំ និងបង្ហាត់បង្រៀនវគ្គសង្គ្រោះបឋម នៅតាមបណ្តាសាលារៀន ដើម្បីផ្តល់ចំណេះដឹងមូលដ្ឋានដល់សិស្សានុសិស្សក្នុងការជួយសង្គ្រោះបន្ទាន់។

ឯកឧត្តមបានបន្តទៀតថា ក្រុមប្រតិបត្តិអនុសាខាទាំងអស់ត្រូវតែធ្វើសកម្មភាពឱ្យបានលឿន ឈានជើងឱ្យដល់ដី និងចុះទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ ដោយមិនត្រូវរើសអើងពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយណាមួយឡើយ ព្រោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់កាកបាទក្រហមកម្ពុជា។

ទន្ទឹមនឹងនោះឯកឧត្តមបណ្ឌិតប្រធានក៏បានសង្កត់ធ្ងន់បន្ថែមទៅលើស្មារតីទទួលខុសត្រូវ និងការសហការគ្នាជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋាន ក្រុមប្រតិបត្តិ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច ដើម្បីធានាឱ្យបានថា រាល់សកម្មភាពមនុស្សធម៌ និងការចុះអប់រំផ្សព្វផ្សាយនានា អាចប្រព្រឹត្តទៅបានយ៉ាងទូលំទូលាយ ជឿជាក់ និងមានប្រសិទ្ធភាពខ្ពស់បំផុត ក្នុងការបម្រើប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ៕

ដោយ៖ ម៉ែន ប៊ុនធីម





