មានភ្លៀវជាតិ១០ម៉ឺននាក់ និងបរទេស១០០០នាក់ ចូលកម្សាន្ដផ្លូវថ្មើជើងចតុមុខWalk Streetភ្នំពេញ បើទោះបីមានភ្លៀងធ្លាក់យ៉ាងណាក្ដី
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦-- ផ្លូវថ្មើរជើងចតុមុខ (Walk Street) ភ្នំពេញ មានបងប្អូនប្រជាពលរដ្ឋមកដើរលេងកម្សាន្តប្រមាណចំនួន ១០ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសប្រហែល ១០០០នាក់ ខណៈមហាជនមានការគាំទ្រយ៉ាងពេញទំហឹងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ហើយកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងអាជ្ញាធរ រក្សាបាននូវសន្តិសុខ សណ្តាប់សុវត្ថិភាពសង្គម និងបរិស្ថាន អនាម័យស្អាតជាប់ជាប្រចាំ។

លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរាត្រីថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦ តាមការពិនិត្យមើលជាក់ស្តែងផ្លូវថ្មើរជើងចតុមុខនេះត្រូវបានមហាជនមានការគាំទ្រយ៉ាងពេញទំហឹងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ជាពិសេសដោយសារតែរដ្ឋបាលរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញ និងកម្លាំងសមត្ថកិច្ច រក្សាបាននូវសន្តិសុខ សណ្តាប់សុវត្ថិភាពសង្គម និងបរិស្ថាន អនាម័យស្អាតជាប់ជាប្រចាំ។ ទន្ទឹមនឹងនោះរដ្ឋបាលរាជធានីភ្នំពេញតែងបានដាក់បញ្ចូលនូវផ្ទាំងទស្សនីយភាព និងការសម្ដែងសិល្បៈចម្រុះ បុរាណ សម័យបន្ថែមពីលើការរៀបចំឱ្យមានការលក់ដូរចំណីអាហារ និងវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទ សម្រាប់បងប្អូនដែលបានអញ្ជើញមកដើរលេងកម្សាន្ត។

សូមបញ្ជាក់ថា ផ្លូវថ្មើរជើងចតុមុខទទួលបានជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោកជាទីក្រុងសប្បាយភាពនាពេលរាត្រី ជាងនេះទៅទៀតផ្លូវថ្មើរជើងចតុមុខ ក៏ត្រូវបានស្ថានទូនមួយចំនួនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា រួមមាន ស្ថាតទូតសហរដ្ឋអាម៉េរិក ស្ថានទូតចិន សហភាព អឺរ៉ុប និងស្ថានទូតផ្សេងៗទៀត ជ្រើសរើសជាទីតាំងប្រារព្ធកម្មវិធីសំខាន់ៗរបស់ខ្លួនផងដែរ៕


ដោយ សួស សំរិត





