លោកជំទាវ ឃួន ឃុនឌី ជំរុញឱ្យក្រុមការងារចុះជួយឃុំត្រូវដោះស្រាយបញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា
AKP កំពង់ធំ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦--លោកជំទាវ ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយបានជំរុញឱ្យក្រុមការងារចុះជួយឃុំត្រូវដោះស្រាយបញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា។ លោកជំទាវបានជំរុញដូច្នេះក្នុងកិច្ចប្រជុំក្រុមការងារចុះជូយឃុំកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសណ្ឋាគារកំពង់ធំរ៉ូយាល់ ខេត្តកំពង់ធំ។

លោកជំទាវសង្កត់ធ្ងន់ថា បញ្ហានេះមិនមែនជារឿងធម្មតាទេប្រសិនបើយើងមិនចាត់វិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលានោះទេ។ ដូច្នេះយើងត្រូវតែចុះទៅដល់មូលដ្ឋានផ្ទាល់នឹងសិក្សារកចំណុចនៃបញ្ហាថាតើវាបណ្តាលមកពីអ្វីឱ្យប្រាកដដើម្បីពិនិត្យនិងពិភាក្សាជាមួយក្រុមការងារដោះស្រាយទោះបីជាបញ្ហាតិចតួចក្តី វានឹងជះឥទិ្ធពលដល់ស្មារតីសតិអារម្មណ៍អ្នកគាំទ្រក្នុងមូលដ្ឋាន។

នៅពេលនេះយើងត្រូវតែពិនិត្យមើលឡើងវិញនូវចំណុចចន្លោះប្រហោងដែលជះឥទ្ធិពលដល់ប្រជាប្រិយភាពរបស់គណបក្សនឹងបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ថ្នាក់ដឹកនាំ និងការទទួលខុសត្រូវរបស់យើង។ដូច្នេះកិច្ចប្រជុំថ្ងៃនេះឆ្លុះបញ្ចាំងនូវវឌ្ឍនភាពនៃឃុំនីមួយៗ និងធាតុចូលសំខាន់ៗ ថាតើយើងត្រូវមានវិធានការក្នុងការដោះស្រាយកម្រិតណា។ មិនតែប៉ុណ្ណោះយើងទាមទារនូវចំនួនជាក់លាក់នៃក្រុមការងារធ្វើសកម្មភាពនឹងធានាឱ្យបាននូវគុណភាព និងលទ្ធផលតាមការរំពឹងទុកមិនមែនបរិមាណទេដែលនេះជាចំណុចអត្ថិភាពចម្បងដែលថ្នាក់ដឹកនាំយើងចង់បាន។ លោកជំទាវសង្ឃឹមនឹងជឿជាក់យ៉ាងមុតមាំថា ក្រុមការងារថ្នាក់មូលដ្ឋានរបស់យើងនូវតែរឹងមាំនឹងសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់នាថ្ងៃខាងមុខ៕


ដោយ ស៊ុម វណ្ណា





