ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញដឹកនាំប្រជុំបូកសរុបលទ្ធផលការងារគណបក្សខេត្ត ពង្រឹងប្រសិទ្ធភាពការងារ និងការអភិវឌ្ឍមូលដ្ឋាន
AKP ក្រចេះ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានដឹកនាំកិច្ចកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំ ត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តរបស់គណៈកម្មាធិការគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តដោយធ្វើការពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបាន។

កិច្ចប្រជុំដែលធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំគណបក្សខេត្ត ដោយមានការអញ្ជើញចូលរួមពីអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានជាច្រើរូបទៀត។
កិច្ចប្រជុំក៏បានពិភាក្សាអំពីទិសដៅ និងវិធានការបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់គណៈកម្មាធិការគណបក្ស និងក្រុមការងារគ្រប់លំដាប់ថ្នាក់ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងជំរុញការផ្សព្វផ្សាយព័ត៌មានពិត ជាពិសេសការទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវរបស់គណៈកម្មាធិការគណបក្សខេត្ត ក្រុមការងារគណបក្សចុះមូលដ្ឋាន និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ដែលបានរួមសហការយ៉ាងសកម្មក្នុងការអនុវត្តភារកិច្ចនយោបាយ សម្រេចបានលទ្ធផលគួរជាទីកត់សម្គាល់ និងរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន។
ឯកឧត្តម ណែនាំឱ្យបន្តពង្រឹងការងារកសាង និងពង្រីកសមាជិកភាពគណបក្ស ការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ការចុះជាប់ជាប្រចាំ តាមរយៈការដោះស្រាយសំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋ។ ឯកឧត្តម ក៏បានជំរុញការគាំទ្រដល់ការអនុវត្តគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលនៅមូលដ្ឋាន ព្រមទាំងការចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខដុមរមនាក្នុងសហគមន៍។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងការងារផ្សព្វផ្សាយព័ត៌មាន ដោយជំរុញឱ្យក្រុមការងារគណបក្ស និងអាជ្ញាធរពាក់ព័ន្ធ បន្តផ្សព្វផ្សាយព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិត និងអាចយល់ដឹងអំពីសកម្មភាពនានារបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍនៅមូលដ្ឋាន ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានក្រើនរម្លឹកឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះការចែករំលែកព័ត៌មានលើបណ្តាញសង្គម ដោយលើកទឹកចិត្តឱ្យពិនិត្យផ្ទៀងផ្ទាត់ប្រភពព័ត៌មានមុននឹងផ្សព្វផ្សាយ ឬចែករំលែកបន្ត ព្រោះព័ត៌មានដែលមិនមានការផ្ទៀងផ្ទាត់ ឬព័ត៌មានក្លែងក្លាយ អាចបង្កឱ្យមានការយល់ច្រឡំ ភាន់ច្រឡំក្នុងសាធារណមតិ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងបង្កឱ្យមានការភាន់ច្រឡំចំពោះការអនុវត្តគោលនយោបាយ និងការងារអភិវឌ្ឍន៍នៅមូលដ្ឋាន។

ឯកឧត្តមប្រធានក្រុមការងារគណបក្ស ក៏បានណែនាំឱ្យគណៈកម្មាធិការគណបក្ស និងក្រុមការងារគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងការងារផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយតម្លាភាព និងការទទួលខុសត្រូវ ព្រមទាំងយកចិត្តទុកដាក់តាមដាន ស្រាវជ្រាវ និងបកស្រាយព័ត៌មានដែលមិនពិត ឬព័ត៌មានក្លែងក្លាយ ដែលមានបំណងបំភាន់សាធារណមតិ បង្កឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ និងប៉ះពាល់ដល់ស្ថិរភាពសង្គម។

ឯកឧត្តមបានជំរុញឱ្យក្រុមការងារគណបក្សបន្តលើកកម្ពស់សាមគ្គីភាពផ្ទៃក្នុង រក្សាវិន័យ និងសីលធម៌ អំពើល្អរបស់មន្ត្រីគណបក្ស បំពេញតួនាទីជាគំរូក្នុងការបម្រើប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «ចុះដល់មូលដ្ឋាន ស្គាល់សុខទុក្ខប្រជាពលរដ្ឋ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងទទួលខុសត្រូវចំពោះលទ្ធផលការងារ» ដើម្បីពង្រឹងទំនុកចិត្តរវាងប្រជាពលរដ្ឋ និងគណបក្ស ព្រមទាំងរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅខេត្តក្រចេះ៕
ដោយ៖ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា





