សត្វទោចថ្ពាល់លឿង ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពប្រព័ន្ធអេកូឡូស៊ីព្រៃឈើ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦–
សត្វទោចថ្ពាល់លឿង ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពប្រព័ន្ធអេកូឡូស៊ីព្រៃឈើ តាមរយៈការពង្រាយគ្រាប់ពូជរុក្ខជាតិ ដែលជួយដល់ការស្តារព្រៃឈើឡើងវិញ និងរក្សាភាពសម្បូរបែបនៃរុក្ខជាតិ។ នេះបើតាមការឱ្យដឹងពីអង្គការ WCS នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។

លើសពីនេះនៅពេលមានវត្តមានរបស់សត្វទោចថ្ពាល់លឿង ពួកវា គឺមានន័យថាព្រៃឈើមានសុខភាពល្អ និងមិនទាន់រងការរំខាន។ទោះជាយ៉ាងណា ប្រភេទសត្វនេះកំពុងប្រឈមមុខនឹងការគំរាមកំហែងធំៗរួមមាន ការបាត់បង់ទីជម្រក ការពង្រីកដីកសិកម្ម និងការបរបាញ់សម្រាប់ជួញដូរសត្វព្រៃខុសច្បាប់។ កត្តាទាំងនេះបានធ្វើឱ្យចំនួនសត្វទោចថ្ពាល់លឿងធ្លាក់ចុះជាបន្តបន្ទាប់។ ដូច្នេះហើយទើប ការការពារព្រៃឈើដែលនៅសេសសល់របស់កម្ពុជាមានសារៈសំខាន់បំផុតសម្រាប់ការរស់រានមានជីវិតរបស់ពួកវា។

សត្វទោចថ្ពាល់លឿង (Nomascus gabriellae) គឺជាប្រភេទសត្វទោចដ៏សំខាន់ និងកំពុងរងការគំរាមកំហែងខ្លាំងមួយនៅកម្ពុជា។ វារស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ហើយចំណាយពេលស្ទើរតែពេញមួយជីវិតរស់នៅលើដើមឈើ។ ចំណីអាហាររបស់វាភាគច្រើនមានផ្លែឈើទុំ ត្រួយរុក្ខជាតិ ផ្កា និងសត្វល្អិតមួយចំនួន ដែលធ្វើឱ្យវាក្លាយជាប្រភេទសត្វដ៏សំខាន់មួយក្នុងប្រព័ន្ធអេកូឡូស៊ីព្រៃឈើ ។
សូមចូលរួមទាំងអស់គ្នា បញ្ឈប់ការជួញដូរសត្វព្រៃគ្រប់ប្រភេទ និងបដិសេធការបរិភោគសាច់សត្វព្រៃនិងការយកសត្វព្រៃធ្វើជាសត្វចិញ្ចឹម ៕
ដោយ៖ ណយ នឿន (ប្រភព៖WCS)





