ឯកឧត្តម គន់ គីម ចុះពិនិត្យ និងតាមដានការអន្តរាគមន៍ទឹកស្រូវរដូវវស្សាក្នុងស្រុកសង្កែ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦–
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យ និងតាមដានការអន្តរាគមន៍ទឹកស្រូវរដូវវស្សាសម្រាប់ប្រជាកសិករ ក្នុងភូមិកាច់រទេះ ភូមិអូរទូក និងភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្នុងនាមសេនាធិការជូនរាជរដ្ឋាភិបាល ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានសម្របសម្រួលជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង រួមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ ដើម្បីបន្តអនុវត្តបែងចែកទឹកពីសំណង់ស្ទាក់ទឹកផ្នែកខាងលើសម្រាប់សង្គ្រោះដំណាំរបស់ប្រជាកសិករ។ យោងតាមការពិនិត្យជាក់ស្តែង ឯកឧត្តមកិត្តិសង្គហបានកោតសរសើរពីការខិតខំប្រឹងប្រែងរបស់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរខេត្តបាត់ដំបង ក្នុងការអន្តរាគមន៍បញ្ជូនទឹកសង្គ្រោះស្រូវ ភូមិទាំង៣ ដែលប្រឈមនឹងការខ្វះទឹកកាលពីសប្តាហ៍មុន ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ និងទទួលសំណូមពរ ហើយស្វែងរកដំណោះស្រាយជូនប្រជាកសិករ ដោយណែនាំដល់អាជ្ញាធរ និងសហគមន៍ ចុះពិនិត្យឱ្យបានជាប់ជាប្រចាំពីការបញ្ជូនទឹកសម្រាប់ផ្ទៃដីស្រែផ្នែកខាងក្រោមដែលមានលទ្ធភាពបែងចែកទឹកនោះជូនប្រជាកសិករ ៕

ដោយ៖ ណយ នឿន (ប្រភព៖គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ)





