ឯកឧត្តម កែ គឹមយ៉ាន៖ ការប្រគេនទៀនវស្សា និងទេយ្យទាននាពេលនេះ គឺជាការបង្ហាញពីការបន្តវេនវប្បធម៌ដ៏ល្អប្រពៃ និងការទ្រទ្រង់ពុទ្ធចក្រឱ្យរីកចម្រើនរុងរឿងជាបន្តបន្ទាប់
AKPបន្ទាយមានជ័យថ្ងៃទី ២៦ ខែកក្កដាឆ្នាំ២០២៦---
ឯកឧត្តម កែ គឹមយ៉ានតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគេនទៀនវស្សា ទេយ្យទាន និងបច្ច័យ ជូនដល់វត្តចំនួន ២៣ ក្នុងក្រុងសិរី សោភ័ណ ដែលប្រារព្ធធ្វើឡើងនៅវត្តគីរីជុំចំការខ្នុរ ស្ថិតក្នុងសង្កាត់អូរអំបិលក្រុងសិរីសោភ័ណរសៀលថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ។

ពិធីដ៏មានអត្ថន័យនេះ ក៏មានការអមដំ ណើរដោយឯកឧត្តម លោកជំទាវ សមា ជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ក្រុមការងារចុះមូល ដ្ឋានក្រុង មន្ទីរអង្គភាពជុំវិញខេត្ត ព្រម ទាំងអាជ្ញាធរក្រុង សង្កាត់ និងភូមិជាច្រើនរូបទៀតផងដែរ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន បានគូសបញ្ជាក់យ៉ាងស៊ីជម្រៅថា ការប្រគេនទៀនវស្សា និងទេយ្យទានដល់ព្រះសង្ឃដែលគាំទ្រគង់ចាំព្រះវស្សាក្នុងទីអារាមនានា មិនត្រឹមតែជាការបំពេញតាមកិច្ចវត្តអារាមព្រះពុទ្ធសាសនាក្នុងអំឡុង ពេលចូលព្រះវស្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញឱ្យឃើញពីការបន្តវេននូវវប្បធម៌ សីលធម៌ និងប្រពៃណីដ៏ល្អថ្លៃថ្លា ដែលបុព្វបុរសខ្មែរបានបន្សល់ទុកមក។

ឯកឧត្តមបានលើកឡើងថាសាស្ត្រា វត្តអារាម និងព្រះសង្ឃ គឺជាគ្រឹះដ៏សំខាន់ក្នុងការអប់រំទូន្មានស្មារតីប្រជាពលរដ្ឋឱ្យប្រកាន់ខ្ជាប់នូវអំពើល្អ សេចក្ដីស្រឡាញ់ និងការយោគយល់គ្នា។ ការដែលយើងគ្រប់គ្នារួមដៃគ្នារក្សា និងឧបត្ថម្ភដល់ព្រះពុទ្ធសាសនា គឺស្មើនឹងការថែរក្សាសុខសន្តិភាពផ្លូវចិត្ត និងតម្លៃវប្បធម៌ជាតិរបស់យើងឱ្យគង់វង្សស្ថិតស្ថេររៀងទៅ។
ឯកឧត្តមតំណាងរាស្ត្រ ក៏បានរំលឹកផងដែរថា ក្រោមម្លប់នៃសុខសន្តិភាពពេញ លេញ ដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងការបន្តដឹកនាំយ៉ាងសកម្មប្រកបដោយថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានធ្វើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រមានការរីកចម្រើនស្របគ្នាជាលំដាប់ ប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ និងមានសេរីភាពពេញលេញក្នុងការប្រតិបត្តិជំនឿសាសនាខុសៗគ្នាដោយសុខដុមនីយកម្ម។

ទន្ទឹមនឹងនោះ ឯកឧត្តម កែ គឹមយ៉ានបានអំពាវនាវដល់ព្រះសង្ឃគ្រប់អង្គ និងប្រជាពលរដ្ឋពុទ្ធបរិស័ទទាំងអស់ បន្តរក្សាភាពសាមគ្គីភាពផ្ទៃក្នុងសហគមន៍ ចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាពសង្គម តាមរយៈការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងរួមគ្នាអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត។
សូមបញ្ជាក់ថា ក្នុងពិធីដ៏នក្ខត្តឫក្សនោះ វត្តចំនួន ២៣ ក្នុងក្រុងសិរីសោភ័ណ ទទួលបានទៀនវស្សា ទេយ្យទាន និងបច្ច័យឧបត្ថម្ភ ដើម្បីទ្រទ្រង់ការគង់ចាំព្រះវស្សារបស់ព្រះសង្ឃក្នុងរដូវកាលចូលព្រះវស្សារយៈពេលបីខែខាងមុខនេះ ដែលបង្ហាញពីសមានចិត្តដ៏ជ្រាលជ្រៅ និងទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ៕
ដោយ ៖ឈុនសារ៉ាត





