អគារ «តេជោ» នៃសាលា Alliance Française ខេត្តសៀមរាបសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦--
អគារ «តេជោ» នៃសាលាអាល្លីយ៉ង់ បារាំង (Alliance Française) ខេត្តសៀមរាប ត្រូវបាន សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង បានបញ្ជាក់ថា សមិទ្ធផលថ្មីនេះជាសក្ខីភាពនៃតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងជាលំហនៃការសន្ទនាអន្តរវប្បធម៌ និងការបណ្តុះបណ្តាលសិល្បៈដល់យុវជនកម្ពុជា ខណៈដែលសាលា Alliance Française ខេត្តសៀមរាប បានកំណត់ផែនទីបង្ហាញផ្លូវលើ៥វិស័យសំខាន់ៗ រួមមាន ១.ការអប់រំ និងភាសាបារាំង ២.វប្បធម៌ និងបេតិកភណ្ឌ ៣.ទេសចរណ៍ និងការអភិវឌ្ឍមូលដ្ឋាន (ដូចជាការបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍) ៤.ឥទ្ធិពលអន្តរជាតិ និង ៥.ការច្នៃប្រឌិត និងបច្ចេកវិទ្យាឌីជីថល ហើយអ្វីដែលកាន់តែពិសេសការសម្ពោធអគារ «តេជោ» នាពេលនេះ គឺជាការចូលរួមក្នុងការត្រៀមខ្លួនរបស់កម្ពុជា សម្រាប់ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ នៅចុងឆ្នាំ២០២៦នេះ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការវិលត្រឡប់មកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកជាថ្មី បន្ទាប់ពីខកខានអស់រយៈពេលជិត ៣០ឆ្នាំ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ព្រឹទ្ធសភា)





