ប៉ុន្មានថ្ងៃនេះ នៅតាមបណ្តាខេត្ត-រាជធានីអាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីពី៤០ ទៅ៦០ភាគរយនៃព្រះរាជាណាចក្រកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្ដដា ឆ្នាំ២០២៦--
ក្នុងរយ:ពេល៣ថ្ងៃនេះគឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះ នៅតាមបណ្តាខេត្ត និងរាជធនី នៅក្នុងព្រះរាជាណាចក្រកម្ពុជា
អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៤០%ទៅ៦០% ។ នេះបើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស ដែលចេញផ្សាយដោយក្រសួងធនធានទឹក នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ។

បើយោងតាមព្រឹត្តិបត្រព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយមដដែលបានឱ្យដឹងទៀតថា ដោយសារសម្ពាធទាបដែលគ្របដណ្តប់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិន ខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា ធ្វើឱ្យមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើ ព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់មួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធពលពីសម្ពាធនេះរយ:ពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះ។

តំបន់ដែលទទួលរងពីឥទ្ធិពលនេះរួមមាន÷
១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិ បរមា៣៦°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសពាយ័ព្យ មានល្បឿនមធ្យម ៣ម៉ែត្រក្នុង១វិនាទី។ ហើយខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៤០%។
២-តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម ៤ម៉ែត្រ ក្នុង១វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥០%។
៣-តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រក្នុង១វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៦០%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាប និងមានការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរទៅកាន់ទីជិត -ឆ្ងាយ៕
ដោយ សួស សំរិត





