កម្ពុជា-ប្រេស៊ីល បើកទំព័រថ្មីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២៦--
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសមជាមួយលោកជំទាវ វីវៀន ឡូស សានម៉ាទីន (Vivian Loss Sanmartin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសម ត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីលប្រចាំកម្ពុជា នារសៀលថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពង្រឹងចំណងមិត្តភាព និងទំនាក់ ទំនងទ្វេភាគីរវាងកម្ពុជា និងប្រេស៊ីល ពិភាក្សាលទ្ធភាពនៃការពង្រឹងកិច្ចសហ ប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ព្រមទាំងកំណត់វិស័យអាទិភាព និងយន្តការដែលអាចអនុវត្តបានសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលអនាគត។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ វីវៀន ឡូស សានម៉ាទីន និងគណៈប្រ តិភូ ព្រមទាំងបានអបអរសាទរចំពោះលោកជំទាវ ដែលទទួលការតែងតាំងជាឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជាដំបូងបង្អស់ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ ដែលជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា អាណ ត្តិបេសកកម្មរបស់លោកជំទាវនឹងដើរតួនាទីជាស្ពានដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា-ប្រេស៊ីល និងបើកទ្វារឱ្យមានកិច្ចសហប្រតិបត្តិការថ្មីៗលើគ្រប់វិស័យដែលមិនត្រឹមតែវិស័យការងារ សន្តិសុខសង្គម និង TVET នោះទេ។
ឯកឧត្តមមានប្រសាសន៍ថា ទោះបីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការងារ សន្តិសុខសង្គម និង TVET ស្ថិតក្នុងដំណាក់កាលដំបូងក៏ដោយ ក៏ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរកំពុងមានការរីកចម្រើនជាបន្តបន្ទាប់។


ឯកឧត្តមក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធានាឱ្យពលករបរទេស រួមទាំងជនជាតិប្រេស៊ីលទទួលបានការការពារ ភាពស្មើគ្នា និងអត្ថប្រយោជន៍ ប.ស.ស. ស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់កម្ពុជា។
ជាមួយនឹងការចាប់អារម្មណ៍លើប្រព័ន្ធ TVET ជាពិសេស S-System ឯកឧត្តមបានលើកឡើងពីលទ្ធភាពនៃសហប្រតិបត្តិការលើការបណ្តុះបណ្តាលគ្រូបង្គោល និងការអភិវឌ្ឍសមត្ថភាពស្ថាប័ន កម្មវិធី TVET ការអភិវឌ្ឍកម្មវិធីសិក្សា កម្មវិធីហាត់ការងារនៅកន្លែងការងារ និងការកែច្នៃផលិតផលកសិកម្ម និងបច្ចេកវិទ្យាកសិកម្មជាដើម។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់នូវការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជាក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតប្រេស៊ីល ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា កម្ពុជា និងប្រេស៊ីលនឹងធ្វើការកាន់តែជិតស្និទ្ធ ដើម្បីបំប្លែងការពិភាក្សាដំបូងនេះទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែងសម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ គ្រឹះស្ថានបណ្តុះបណ្តាល និងនិយោជកនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកជំទាវ វីវៀន ឡូស សានម៉ាទីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីក្នុងការទទួលស្វាគមន៍យ៉ាងកក់ក្តៅ កិច្ចពិភាក្សាប្រកបដោយផ្លែផ្កានាពេលនេះ ព្រមទាំងបានបង្ហាញពីផែនការយុទ្ធសាស្រ្តប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា។
លោកជំទាវក៏បានសម្តែងនូវសោមនស្សរីករាយ និងមោទនភាព ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតប្រេស៊ីលទី១ប្រចាំកម្ពុជា ដែលជាការបង្កើតប្រវត្តិសាស្រ្តថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ប្រេស៊ីល ព្រមទាំងបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ប្រេស៊ីលក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា។
លោកជំទាវមានប្រសាសន៍ថា អាទិភាពមួយក្នុងចំណោមអាទិភាពសំខាន់ៗរបស់លោកជំទាវ គឺការជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធនៅកម្ពុជា ដើម្បីឈ្វេងយល់ពីអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា និងកំណត់វិស័យដែលអាចពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា។

លោកជំទាវក៏បានកោតសរសើរចំពោះវឌ្ឍនភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍឧស្សា ហូបនីយកម្ម និងធនធានមនុស្ស ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបំពាក់ជំនាញសមស្របដល់កម្លាំងពលកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។
លោកជំទាវបន្តថា ប្រព័ន្ធ S-System របស់ប្រេស៊ីល គឺជាគំរូបណ្តុះបណ្តាលវិជ្ជាជីវៈដែលមានប្រវត្តិយូរអង្វែង និងទទួលបានការគាំទ្រតាមរយៈការរួមចំណែករបស់និយោជក ដោយផ្តោតលើការអភិវឌ្ឍជំនាញឱ្យស្របតាមតម្រូវការទីផ្សារការងារ។

លោកជំទាវក៏បានស្នើចែករំលែកបទពិសោធ និងជំនាញរបស់ប្រេស៊ីលជាមួយកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍ TVET ការកសាងសមត្ថភាព និងវិស័យអាទិភាពផ្សេងៗ ព្រមទាំងបានអះអាងជាថ្មីពីការត្រៀមខ្លួនរបស់ប្រេស៊ីលក្នុងការផ្តល់កិច្ចសហប្រតិបត្តិការបច្ចេកទេស ស្របតាមអាទិភាពអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕
ដោយ៖ ប៊ុន រិទ្ធ , ប្រភព៖ ក្រសួងការងារ





