កាលណាយើងមានចំណេះ គឺប្រឡងជាប់ និងទទួលបានរង្វាន់លើកទឹកចិត្ត
AKP ព្រះសីហនុ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ -- កាលណាយើងខិតខំរៀនសូត្រ គឺប្រឡងជាប់ និងទទួលបានរង្វាន់លើកទឹកចិត្តថែមទៀតផងពីឯកឧត្តមអភិបាលខេត្តព្រះសីហនុ និងឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ។ នេះជាការបញ្ជាក់ពីលោក ពេជ្រ ខាវដាង នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ ជាតំណាងរបស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងឱកាសលោកអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យស្ទឹងហាវ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នេះ។


ជាមួយគ្នានោះដែរ លោក ពេជ្រ ខាវដាង នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណជូនចំពោះលោកគ្រូ អ្នកគ្រូ ដែលបានចំណាយពេលវេលាក្នុងការខិតខំយកចំណេះវិជ្ជារបស់ខ្លួនបណ្តុះបណ្តាលសិស្សានុសិស្សថ្នាក់ទី១២ នាពេលនេះ ដែលនឹងត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅពេលខាងមុខ ព្រោះសិស្សានុសិស្សថ្នាក់ទី១២ ជាទំពាំងស្នងឬស្សីសម្រាប់បន្តវេនជំនាន់ក្រោយក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន។


នាឱកាសនោះ លោកនាយករងរដ្ឋបាលសាលាខេត្ត ក៏បានធ្វើការអំពាវនាវដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំស្រាវជ្រាវមេរៀន និងឯកសារមេរៀនថ្មីៗបន្ថែមទៀត ដែលជាទុនក្នុងការប្រឡងដែលយើងបានខិតខំរៀនសូត្រអស់រយពេល ១២ឆ្នាំកន្លងមកនេះ និងសូមជូនពរឱ្យសិស្សានុសិស្សទទួលបានលទ្ធផលល្អគ្រប់គ្នាក្នុងការប្រឡងសញ្ញាបត្រមសិក្សាទុតយភូមិ ព្រមទាំងបាននាំយកថវិកាឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ប្រគល់ជូនលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត ដែលបានលះបង់កម្លាំងកាយ និងពេលវេលាបង្រៀនបំប៉នដល់សិស្សានុសិស្សថ្នាក់ទី១២ នៃសាលាវិទ្យាល័យ ហ៊ុន សែន ស្ទឹងហាវ៕

ដោយ៖ ងូ សុមុនី





