យោធភូមិភាគពិសេសទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាម
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦-- ឯកឧត្តម ឧត្តមសេនីយ៍ទោ មុំ សុភាពមេបញ្ជាការស្តីទីយោធភូមិភាគពិសេស នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក ង្វៀន ក្វាងហ៊ុយ ប្រធានផ្នែកយុវជននៃអគ្គស្នងការនយោបាយក្រសួងការពារប្រទេសវៀតណាម នៅទីបញ្ជាការយោធភូមិភាគពិសេស។

លោកឧត្តមសេនីយ៍ទោ មុំ សុភាព បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះបានពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា-វៀតណាមឱ្យកាន់តែល្អប្រសើរ ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍ នាយទាហានវ័យកេ្មងរវាងប្រទេសកម្ពុជា-វៀតណាម។

ជាការឆ្លើយតប លោកវរសេនីយ៍ឯក ង្វៀន ក្វាងហ៊ុយ បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោកមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់។ លោកវរសេនីយ៍ឯកក៏បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម។ ក្នុងឱកាសនោះដែរ គណៈប្រតិភូបានអញ្ជើញចូលទស្សនាសារមន្ទីរមិត្តភាព កម្ពុជា-វៀតណាមផងដែរ៕

ដោយ សំ សាម៉ន (ប្រភព៖ កងទ័ពជើងគោក)





