មេគោអូស្ត្រាលី២២០ក្បាលមកដល់កម្ពុជាដើម្បីជំរុញឧស្សាហកម្មទឹកដោះគោនៅស្រុក
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦-- មេគោពូជ Holstein របស់អូស្ត្រាលីចំនួន ២២០ ក្បាលបន្ថែមទៀត ត្រូវបាននាំចូលមកកាន់ប្រទេសកម្ពុជា ដើម្បីឱ្យកសិដ្ឋាននៅក្នុងស្រុកអាចផលិតទឹកដោះគោស្រស់បានកាន់តែច្រើន ដែលអាចឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើង។
យោងតាមស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាបានឱ្យដឹងថា មេគោចំនួន ២២០ ក្បាលបន្ថែមទៀត បានមកដល់ប្រទេសកម្ពុជា ដែលនេះជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់កសិដ្ឋានគិរីសួគ៍ ក្នុងការពង្រីកផលិតកម្មរបស់ខ្លួន។

ប្រភពដដែលបានបន្តថា ការមកដល់របស់មេគោទាំងនេះ ធ្វើឱ្យហ្វូងគោសរុបនៅក្នុងកសិដ្ឋានកើនឡើងដល់ប្រមាណ ១,៤០០ ក្បាល។ កត្តានេះនឹងជួយឱ្យកសិដ្ឋានអាចផលិតទឹកដោះគោស្រស់បានកាន់តែច្រើននៅក្នុងស្រុក ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើង កាត់បន្ថយការនាំចូលពីបរទេស ព្រមទាំងបង្កើតឱកាសការងារ និងលទ្ធភាពថ្មីៗនៅក្នុងផលិតកម្មទឹកដោះគោទាំងមូល។ ស្ថានទូតបានបញ្ជាក់ថា អូស្ត្រាលីបានសហការយ៉ាងជិតស្និទ្ធជាមួយកសិដ្ឋានគិរីសួគ៍ ដើម្បីសម្រេចឱ្យបាននូវការពង្រីកផលិតកម្មនេះ តាមរយៈការគាំទ្រពីកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់អូស្ត្រាលី ហៅកាត់ថា CAPRED។

គួររំលឹកដែរថា កាលពី៦ឆ្នាំមុន មេគោពូជ Holstein របស់អូស្ត្រាលីចំនួន ៥៥០ ក្បាល ក៏ត្រូវបាននាំចូលមកកម្ពុជា ដើម្បីចាប់ផ្តើមផលិតទឹកដោះគោក្នុងស្រុកខ្នាតធំដំបូងគេបង្អស់នៅកសិដ្ឋានគិរីសួគ៍៕
ដោយ៖ ស្រីពេជ្រ





