រុស្ស៊ី និងអ៊ីរ៉ង់ រៀបចំកិច្ចពិគ្រោះយោបល់ជាយុទ្ធសាស្ត្រនៅទីក្រុងមូស្គូ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ -- ក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីពេលថ្មីៗនេះថា មន្ត្រីក្រសួងការបរទេសរុស្ស៊ី និងអ៊ីរ៉ង់បានរៀបចំកិច្ចពិគ្រោះយោបល់រយៈពេលពីរថ្ងៃនៅទីក្រុងមូស្គូក្នុងសប្តាហ៍នេះដោយពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាការវិវឌ្ឍនៅក្នុងតំបន់កូកាសាសខាងត្បូង អាស៊ីកណ្តាល និងអ៊ុយក្រែន។
កិច្ចពិភាក្សានេះបានធ្វើឡើងនៅថ្ងៃទី២១-២២ ខែកក្កដា មិនយូរប៉ុន្មានបន្ទាប់ពីការកើនឡើងមួយផ្សេងទៀតនៅមជ្ឈិមបូព៌ា ជាកន្លែងដែលភាពតានតឹងបានកើនឡើងបន្ទាប់ពីការវាយប្រហារគ្នាទៅវិញទៅមកផ្នែកយោធាកាលពីពេលថ្មីៗ ដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល និងកិច្ចខិតខំប្រឹងប្រែងការទូតជាបន្តបន្ទាប់ដោយមហាអំណាចក្នុងតំបន់ និងអន្តរជាតិ។
សេវាការទូតបាននិយាយថា លោក ម៉ូជតាបា ម៉ូរ៉ាឌី ជំនួយការរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងជាអគ្គនាយកទទួលបន្ទុកតំបន់អឺរ៉ាស៊ី ត្រូវបានទទួលដោយលោក មីឃែល ហ្គាលូហ្ស៊ីន អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ហើយក៏បានជួបពិគ្រោះយោបល់ជាមួយមន្ត្រីមកពីនាយកដ្ឋានជាច្រើននៃក្រសួងការបរទេសរុស្ស៊ី។
យោងតាមក្រសួង បានឱ្យដឹងថា ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការពង្រីកកិច្ចសហប្រតិបត្តិការស្របតាមសន្ធិសញ្ញា ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលចុះហត្ថលេខាដោយរុស្ស៊ី និងអ៊ីរ៉ង់។
ក្រសួងបាននិយាយថា មន្ត្រីទាំងនោះបានផ្លាស់ប្ដូរទស្សនៈគ្នាទៅលើស្ថានភាពនៅក្នុងតំបន់កូកាសាសខាងត្បូង អាស៊ីកណ្តាល និងជុំវិញបញ្ហាអ៊ុយក្រែន ដោយមិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
កិច្ចពិគ្រោះយោបល់នេះបានធ្វើឡើងនៅពេលដែលទីក្រុងមូស្គូបានបង្កើនការចូលរួមការទូតលើវិស័យជាច្រើន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





