ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព និងបន្តកិច្ចសន្ទនាឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ -- កាលពីថ្ងៃព្រហស្បតិ៍ប្រទេសចិនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា ដោយជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព វិលត្រឡប់ទៅរកកិច្ចសន្ទនា និងស្វែងរកដំណោះស្រាយនយោបាយ ចំពេលដែលមានការភ័យខ្លាចថាជម្លោះទ្រង់ទ្រាយធំអាចបន្តឡើងវិញ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា «សមិទ្ធផលដែលសម្រេចបានតាមរយៈកិច្ចចរចា គឺពិបាកទទួលបានណាស់ ហើយការបន្តអរិភាពឡើងវិញមិនបម្រើដល់ផលប្រយោជន៍របស់ភាគីណាមួយឡើយ។ អធិបតេយ្យភាព សន្តិសុខនិងបូរណភាពទឹកដីរបស់ប្រទេសនានាក្នុងតំបន់គួរតែត្រូវបានគោរព និងគាំទ្រ»។
លោកកំពុងឆ្លើយតបទៅនឹងសំណួរអំពីរបាយការណ៍ដែលថាសហរដ្ឋអាមេរិកកំពុងដាក់ពង្រាយឧបករណ៍យោធាបន្ថែម រួមទាំងនាវាផ្ទុកយន្តហោះ និងយន្តហោះចម្បាំងទៅកាន់តំបន់នោះ ដែលសង្គ្រាមទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់អាចនឹងបន្តឡើងវិញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ហើយប្រទេសជាច្រើនបានចេញសេចក្តីណែនាំដោយជំរុញឱ្យមានការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា។ នេះបើយោងតាមកាសែតប្រចាំថ្ងៃ Global Times ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង។
លោក លីន បាននិយាយថា «ភាគីពាក់ព័ន្ធគួរតែរក្សាភាពស្ងប់ស្ងាត់និងអនុវត្តការអត់ធ្មត់ បញ្ឈប់អរិភាព បន្តការចូលរួម និងកិច្ចសន្ទនា ប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះតាមរយៈមធ្យោបាយនយោបាយ និងការទូតនិងសម្រេចបាននូវបទឈប់បាញ់ដ៏ទូលំទូលាយ និងយូរអង្វែង»។
ប្រទេសចិនបានអំពាវនាវម្តងហើយម្តងទៀតឱ្យមានការបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា ហើយបានដាក់ខ្លួនជាអ្នកគាំទ្រចំពោះការចូលរួមការទូត ដោយបានព្រមានថា ការប្រឈមមុខដាក់គ្នាខាងយោធាឡើងវិញអាចធ្វើឱ្យតំបន់ឈូងសមុទ្រកាន់តែមានអស្ថិរភាព និងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងដ៏ផុយស្រួយក្នុងការកាត់បន្ថយភាពតានតឹង។
ការអំពាវនាវចុងក្រោយរបស់ទីក្រុងប៉េកាំងសម្រាប់កិច្ចសន្ទនានេះ បានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចូលរួមឡើងវិញក្នុងការវាយប្រហារយោធាសងសឹកគ្នាទៅវិញទៅមករយៈពេល១២ថ្ងៃបន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅទីក្រុងអ៊ីស្លាម៉ាបាដកាលពីខែមុនដើម្បីបញ្ចប់សង្គ្រាម៕





