លោក ដូណាល់ ត្រាំ៖ ទីក្រុងវ៉ាស៊ីនតោននឹងធ្វើឱ្យទីក្រុងតេអេរ៉ង់ទទួលខុសត្រូវ ប្រសិនបើក្រុមឧទ្ទាមហ៊ូធីនៅយេម៉ែនវាយប្រហារនាវាណាមួយ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ -- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោននឹងធ្វើឱ្យទីក្រុងតេអេរ៉ង់ទទួលខុសត្រូវ ប្រសិនបើក្រុមឧទ្ទាមហ៊ូធីយេម៉ែនវាយប្រហារនាវាពាណិជ្ជកម្មណាមួយ។
លោក ត្រាំ បានសរសេរនៅលើវេទិកាសង្គម Truth Social របស់លោកថា «កាលពីមួយឆ្នាំមុន សហរដ្ឋអាមេរិកបានវាយប្រហារយ៉ាងខ្លាំងទៅលើក្រុមឧទ្ទាមហ៊ូធី ចំពោះការជ្រៀតជ្រែករបស់ពួកគេជាមួយពាណិជ្ជកម្ម ដោយការបាញ់ទៅលើនាវា»។
លោកបានបន្ថែមថា «ចាប់តាំងពីពេលនោះមក និងក្នុងអំឡុងពេលជម្លោះរបស់យើងជាមួយអ៊ីរ៉ង់ ពួកគេបានធ្វើសកម្មភាពដោយមានការទទួលខុសត្រូវយ៉ាងខ្លាំង។ ជាអកុសល ឥឡូវនេះ ពួកគេកំពុងចាប់ផ្តើមម្តងទៀត ដោយបាញ់ទៅលើនាវាអារ៉ាប៊ីសាអូឌីតពីរគ្រឿងកាលពីយប់មិញ»។
«ប្រសិនបើពួកគេធ្វើបែបនេះម្តងទៀត សហរដ្ឋអាមេរិកនឹងធ្វើឱ្យអ៊ីរ៉ង់ទទួលខុសត្រូវ ដោយក្រុមហ៊ូធីជាតំណាងរបស់អ៊ីរ៉ង់ ហើយការដាក់ទណ្ឌកម្មយោធាដ៏សំខាន់នឹងត្រូវធ្វើឡើងលើអ៊ីរ៉ង់ និងក្រុមឧទ្ទាមហ៊ូធីខ្លួនឯង»។
ការកត់សម្គាល់របស់លោកបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ូធីយេម៉ែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានអនុវត្តប្រតិបត្តិការយោធាមួយដោយកំណត់គោលដៅលើនាវាដឹកប្រេងអារ៉ាប៊ីសាអូឌីតពីរគ្រឿងជាមួយនឹងមីស៊ីលផ្លោង និងមីស៊ីលបញ្ជា ក៏ដូចជាយន្តហោះគ្មានមនុស្សបើក។
រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក រូប៊ីអូ កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ពួកក្រុមឧទ្ទាមហ៊ូធីគួរតែនៅឱ្យឆ្ងាយពីជម្លោះអ៊ីរ៉ង់ ដោយអះអាងថា ពួកគេត្រូវបានអូសទាញចូលទៅក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ាដោយទីក្រុងតេអេរ៉ង់។
លោក រូប៊ីអូ បានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំសង្ឃឹមថាពួកគេនឹងឈប់។ ពួកគេមិនគួរធ្វើបែបនោះទេ។ ពួកគេត្រូវបានអូសទាញចូលទៅក្នុងរឿងនេះដោយអ៊ីរ៉ង់»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





