ហ្ស៊ីមបាវ៉េ និងដៃគូចិន ស្វែងរកចំណងមិត្តភាពកាន់តែរឹងមាំក្នុងវិស័យអាកាសចរណ៍
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ -- មន្ត្រីជាន់ខ្ពស់មកពីសាជីវកម្មនាំចូល និងនាំចេញបច្ចេកវិទ្យាអាកាសចរណ៍ជាតិចិន (CATIC) និងអាជ្ញាធរហិរញ្ញវត្ថុហ្ស៊ីមបាវ៉េ បានជួបប្រជុំគ្នាកាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍។
យោងតាមក្រសួងហិរញ្ញវត្ថុ អភិវឌ្ឍន៍សេដ្ឋកិច្ច និងជំរុញការវិនិយោគហ្ស៊ីមបាវ៉េ បានឱ្យដឹងថា តំណាងសាជីវកម្ម CATIC បានជួបជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អភិវឌ្ឍន៍សេដ្ឋកិច្ច និងជំរុញការវិនិយោគហ្ស៊ីមបាវ៉េ លោកធូលី គូបេ (Mthuli Ncube) នៅទីក្រុងហារ៉ារ៉េ រដ្ឋធានីនៃប្រទេសហ្ស៊ីមបាវ៉េ ដើម្បីពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងភាគីទាំងពីរ និងកសាងភាពជាដៃគូដែលបានរីកចម្រើនជាលំដាប់ក្នុងរយៈពេលបួនទសវត្សរ៍កន្លងមក។
ក្រសួងបាននិយាយថា ការចូលរួមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញការច្នៃប្រឌិតបច្ចេកវិទ្យា ការពង្រឹងភាពជាដៃគូស្ថាប័ន និងការគាំទ្រអាទិភាពអភិវឌ្ឍន៍ជាតិ។
យោងតាមក្រសួង កិច្ចសហប្រតិបត្តិការរវាងសាជីវកម្ម CATIC និងរដ្ឋាភិបាលហ្ស៊ីមបាវ៉េមានតាំងពីឆ្នាំ១៩៨៧។ នៅឆ្នាំ១៩៩២ ក្រុមហ៊ុនបានបង្កើតការិយាល័យតំណាងមួយនៅប្រទេសហ្ស៊ីមបាវ៉េ ដែលនៅតែដំណើរការអស់រយៈពេលជាង ៣០ឆ្នាំ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ខ្លួនចំពោះការអភិវឌ្ឍអាកាសចរណ៍របស់ប្រទេស។
ក្រសួងបាននិយាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ សាជីវកម្មCATIC បានរួមចំណែកយ៉ាងសំខាន់ដល់វិស័យអាកាសចរណ៍ស៊ីវិលហ្ស៊ីមបាវ៉េ ដោយជួយបង្កើនសមត្ថភាពប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ និងការតភ្ជាប់ក្នុងតំបន់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





